ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅវិទ្យាល័យព្រះស៉ីសុវត្ថិ

23-12-2025 14:37

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងជាប្រធានគណៈកម្មការជំរឿន នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានចុះពិនិត្យដោយផ្ទាល់ដំណើរការ នៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។

លោកបានបញ្ជាក់ថា ការពង្រឹងសមត្ថភាពត្រូវធ្វើជាប់ជាប្រចាំ និងត្រូវបន្តធ្វើឲ្យកាន់តែមុតស្រួច។ ការធ្វើជំរឿនមន្ត្រីនាពេលនេះ គឺជាផ្នែកមួយនៃការងារនេះ ដើម្បីពិនិត្យមើលសារឡើងវិញរចនាសម្ព័ន្ធ និងកំណត់ទិន្នន័យដែលច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នា ក្នុងគោលដៅ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ឱ្យ​កាន់​តែ​ខ្លាំង​ មានសមត្ថភាពខ្ពស់ ក្នុងលក្ខណៈប្រកួតប្រជែងក្នុងតំបន់ និងសកល។

ការធ្វើជំរឿនមន្ត្រី គឺដើម្បីប្រមូលបានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ ទាំងនេះនឹងនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ។

ការចុះប្រតិបត្តិការដោយផ្ទាល់របស់មន្ត្រីជំរឿន តាមអង្គភាពគោលដៅនីមួយៗនេះ ជាការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈ រួមមានការរៀន និងបង្រៀនរបស់សាលានីមួយៗឡើយ៕