លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ខ្មែរម្នាក់ត្រូវតែជាប្រព័ន្ធផ្សព្វផ្សាយមួយ ផ្សាយប្រាប់ថ្នាក់ដឹកនាំពិភពលោកឱ្យបានដឹងថា ប្រទេសថៃកំពុងបន្តឈ្លានពានប្រទេសកម្ពុជា
23-12-2025 15:55
(ភ្នំពេញ)៖ ស្របពេលដែលប្រទេសថៃកំពុងបន្តឈ្លានពានលើប្រទេសកម្ពុជា ឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស បានថ្លែងបញ្ជាក់ថា ក្នុងនាមយើងជាកូនខ្មែរម្នាក់ ត្រូវតែជាប្រព័ន្ធផ្សព្វផ្សាយមួយ ដើម្បីប្រកាសប្រាប់ថ្នាក់ដឹកនាំ និងប្រជាជនក្នុងតំបន់ និងក្នុងពិភពលោកឱ្យបានដឹងថា ប្រទេសថៃកំពុងបន្តឈ្លានពានលើប្រទេសកម្ពុជា ដោយយើងមិនត្រូវរង់ចាំបរទេសមកជួយផ្សព្វផ្សាយឱ្យយើងនោះទេ ប៉ុន្តែយើងត្រូវប្រឹងប្រែងដោយខ្លួនឯង។
តាមរយៈបណ្តាញសង្គម Facebook នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងដូចនេះថា៖ «ខ្មែរម្នាក់ជាប្រព័ន្ធផ្សព្វផ្សាយមួយ កុំចាំគេ កុំចាំបរទេស ធ្វើខ្លួនយើង ផ្សាយខ្លួនយើង ប្រើប្រាស់ Facebook, Tik Tok, Instagram…សរសេរសារជាភាសាយើង ជាភាសាបរទេស ភ្ជាប់ដោយរូបភាពពិត រឹតតែល្អ រួបរួមគ្នាវាយលុកលើសមរភូមិសាធារណមតិ, អង្រួនចិត្តអន្តរជាតិ បែបក្លាហាន មិនមែនបែបឱ្យគេអាណិតនោះទេ»។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្ថែមថា យើងត្រូវរួមគ្នាប្រកាសប្រាប់ថ្នាក់ដឹកនាំ និងប្រជាជនក្នុងតំបន់ និងក្នុងពិភពលោក ឱ្យបានដឹងថា អ្នកជិតខាងរបស់យើងបាននិងកំពុងបន្តឈ្លានពានយើង ត្រូវបន្តបង្រួបបង្រួមគ្នាការពារជាតិ ប្រយោជន៍ជាតិ ឯកភាពជាតិ កិត្តិយសជាតិ សេចក្តីថ្លៃថ្នូរនៃជាតិ និងអាយុជីវិតនៃជាតិ៕





