ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំប្រទេសជប៉ុន
23-12-2025 16:01
(ភ្នំពេញ)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក TAI Susumu កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំតំបន់សេនដាយ និងជាទីប្រឹក្សា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោក TAI Susumu បានសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោកឯកអគ្គរាជទូត ក្នុងឱកាសដែលលោកបានបំពេញភារកិច្ចជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ នាឱកាសនោះ លោកកុងស៊ុលកិត្តិយស បានបរិច្ចាគថវិកាមួយចំនួន តាមរយៈមូលនិធិដែលបានបង្កើតឡើងដោយស្ថានឯកអគ្គរាជទូត ដើម្បីឧបត្ថម្ភជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដីកម្ពុជា យ៉ាងអង់អាចក្លាហាន និងគ្រួសារភៀសសឹក នៅតាមបណ្ដោយព្រំដែនកម្ពុជា–ថៃ ក្នុងអំឡុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង។
លោកឯកអគ្គរាជទូត និងលោកកុងស៊ុលកិត្តិយស ក៏បានផ្លាស់ប្តូរមតិយោបល់ លើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង រវាងប្រទេសកម្ពុជា និងជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការ ក្រោម «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ជាថ្មីម្ដងទៀត លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ស្ថានកុងស៊ុលកិត្តិយស ក្នុងការលើកកម្ពស់វិស័យវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា ជួយសម្របសម្រួលការវិនិយោគនៅកម្ពុជា និងគាំទ្រដល់គំនិតផ្តួចផ្តើម និងសកម្មភាពនានា ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូត រួមមាន កម្មវិធីព្រឹត្តិការណ៍កម្ពុជា ទិវាវប្បធម៌ ជាដើម៕









