អភិបាលស្រុកស្ទោង អំពាវនាវពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចងចាំឱ្យច្បាស់នូវការឈ្លានពានតជំនាន់របស់ចោរសៀម មកលើទឹកដីសុវណ្ណភូមិនៃយើង

23-12-2025 16:17

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវឲ្យពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចងចាំឱ្យច្បាស់នូវការឈ្លានពានតជំនាន់របស់ចោរសៀម មកលើទឹកដីសុវណ្ណភូមិនៃយើង។

លោក សាយ គឹមឡម បានអំពាវនាវដូច្នេះ ក្នុងឱកាសដែលលោក និងសហការី អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខចែកអំណោយជូនគ្រួសារវីរៈកងទ័ព និងជនភៀសសឹក នៅក្នុងឃុំកំពង់ចិនត្បូង នាសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៥។

លោកសង្កត់ធ្ងន់ថា ម្ដងហើយម្ដងទៀត ដដែលៗចោរសៀម តែងបង្កអរិភាពឥតឈប់ឈរមកលើព្រះរាជាណាចក្រកម្ពុជា ទាំងការរំលោភបំពានលើសន្ធិសញ្ញាក អនុសញ្ញា បារាំងសៀមឆ្នាំ១៩០៤ ឆ្នាំ១៩០៧ ស្ដីពីបញ្ហាប្រាសាទព្រះវិហារ និងព្រំដែន ជាពិសេសសន្ធិសញ្ញាទីក្រុងសឺណែវ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលសាលក្រុមបានកាត់ និងប្រគល់ប្រាសាទព្រះវិហារនិង តំបន់ជុំវិញមកជូនព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ដើមវិញ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះបរមរតនកោដ្ឋ។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់ អាជ្ញាធរភូមិ ឃុំ ត្រូវធ្វើបច្ចុប្បន្នភាពជនភៀសសឹក ឬគ្រួសារវីរៈកងទ័ព ដែលបានមកដល់មូលដ្ឋានរបស់ខ្លួន ឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីងាយស្រួល ក្នុងការជួយសង្គ្រោះផ្សេងៗ ហើយបងប្អូនជនភៀសសឹកនិងគ្រួសារវីរៈកងទ័ព អង់អាចក្លាហាននៃយើង សូមថែសុខរក្សាសុខភាពឱ្យបានល្អប្រសើរ ប្រសិនបើមានបញ្ហាសុខភាពមិនប្រក្រតីណាមួយសូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងទៅមន្ទីរពេទ្យបង្អែកស្ទោងព្រោះនៅទីនោះ ក្រុមគ្រូពេទ្យទទួល និងព្យាបាលជំងឺជូនដោយឥតគិតថ្លៃឡើយ។

លើសពីនេះ លោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោក ប៉ុញ សច្ចៈ ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំកំពង់ចិនត្បូង ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខសុខុមារភាពពលរដ្ឋ ក្នុងមូលដ្ឋាន ជាពិសេសជនភៀសសឹក និងគ្រួសារវីរៈកងទ័ពដែលបានភៀសខ្លួន មកដល់មូលដ្ឋានស្រុកស្ទោង ក្នុងកាលៈទេសៈដែលប្រទេសជាតិយើងរងការឈ្លានពានពីចោលសៀមដោយមិនដឹងថា ថ្ងៃណាត្រូវបានបិទបញ្ចប់ មានសន្តិភាពពេញលេញនិងត្រឡប់ទៅកាន់គេហដ្ឋានវិញឡើយ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលចែកជូននៅក្នុងឱកាសនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ប៉ុញ សច្ចៈ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនត្បូង និងសប្បុរសជនជិតឆ្ងាយ ហើយគ្រួសារទាំង៦៣ខាងលើក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ១បេ មី១កេស ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ៕