អភិបាលខេត្តតាកែវ បន្តចុះចែកអំណោយជូនក្រុមគ្រួសារវីរៈកងទ័ព និងបងប្អូនជនភៀសសឹក ជាង២០០គ្រួសារ នៅក្នុងស្រុកត្រាំកក់
23-12-2025 16:19
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារវីរៈកងទ័ព និងបងប្អូនជនភៀសសឹក ជាង២០០គ្រួសារ នៅឃុំតាភេម និងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានបង្ហាញពីការដឹងគុណ ចំពោះក្រុមគ្រូសារវីរ:កងទ័ព និងបងប្អូនកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ មិនឲ្យសត្រូវចូលមកឃ្លានពានមរណភាពទឹកដី ខ្មែរយើងបានឡើយ។
លោក វ៉ី សំណាង ក៏បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តភារកិច្ច ដោយត្រូវរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន ជូនបងប្អូនក្រុមគ្រួសារកងទ័ព និងបងប្អូនជនភៀសសឹក ឱ្យមានរបៀបរៀបរយ មានអនាម័យ និងធានាបាននូវសុវត្ថិភាពខ្ពស់ ជៀសវាងការស្នាក់នៅ ដោយប្រថុយប្រថាននឹងអាកាសធាតុ ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវតាមដានឱ្យជាប់ជាប្រចាំ នូវស្ថានភាពជីវភាពប្រចាំថ្ងៃ ដោយមិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយការដាច់ស្បៀងអាហារឡើយ។
លោក វ៉ី សំណាង ក៏បានឲ្យអាជ្ញាធរត្រូវត្រៀមបម្រុង និងបែងចែកស្បៀង ឱ្យបានទាន់ពេលវេលា និងធានាឱ្យបាននូវការប្រើប្រាស់ទឹកស្អាត ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ និង ត្រូវសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីចុះពិនិត្យសុខភាពជូនបងប្អូនឱ្យបានទៀងទាត់ ក្នុងករណីមានការឈឺថ្កាត់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានឆាប់បំផុត៕

















