វត្តភ្នៀតសិម្ពលី ចងទង់ជាតិកម្ពុជា បង្ហាញពីឆន្ទៈរួបរួមសាមគ្គី និងការពារជាតិ ខណៈប្រទេសកំពុងរងការឈ្លានពានពីថៃ
23-12-2025 16:28
(ភ្នំពេញ)៖ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានចងទង់ជាតិកម្ពុជា ដើម្បីបង្ហាញពីឆន្ទៈរួបរួមសាមគ្គី និងការពារជាតិ ខណៈកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ។
ការចងទង់ជាតិនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានស្នើវត្តអារាមទូទាំងប្រទេស គួរតែចងទង់ជាតិឡើង ដើម្បីបង្ហាញពីឆន្ទៈរួបរួមសាមគ្គី និងការពារជាតិ។
ព្រះអង្គ បានមានសង្ឃដីកាបញ្ជាក់មកព័ត៌មាន Fresh News យ៉ាងដូច្នេះ «ដើម្បីបង្ហាញពីឆន្ទៈ រួបរួមសាមគ្គី ការពារជាតិ តាមវត្តអារាមទាំងអស់ទូទាំងប្រទេស គួរតែចងទង់ជាតិឡើង តាមរបងវត្ត ឱ្យបានព្រោងព្រាត តាមដែលអាចធ្វើទៅបានព្រោះជាតិយើងកំពុងមានទុក្ខលំបាក»។
សូមជម្រាបថា យោធាថៃ បានបើកការឈ្លានពានលើកកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា បានស្វាគមន៍ការស្នើរបស់សហគមន៍អន្តរជាតិ ដើម្បីការដោះស្រាយជម្លោះដោយសន្តិវិធី ប៉ុន្តែភាគីថៃបានទាត់ចោលសំណើទាំងនោះ។
ពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិតេយ្យនិងបូរណភាពដែនដីកម្ពុជាទេ ថែមទាំងយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅទៀត ដូចជា ប្រាសាទបុរាណ ស្ពានបុរាណ មន្ទីរពេទ្យ វត្តអារាម ផ្ទះសម្បែង ក្បែរជំរំភៀសសឹក និងសាលារៀនជាដើម។ ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់កម្ពុជាដើម្បីបង្កហេតុបង្កើតលេសឈ្លានពានកម្ពុជា ដែលពេលនេះពិភពលោកបានដឹងយ៉ាងច្បាស់ថាថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជា បង្កើតសង្គ្រាមឈ្លានពានដើម្បីបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រៀលជ្រៅរបស់ខ្លួន។
សកម្មភាពយោធារបស់ថៃមកលើកម្ពុជា មិនមែនជាការប្រើប្រាស់សិទ្ធិការពារខ្លួនដូចមេដឹកនាំ និងយោធាថៃបានថ្លែងភូតកុហកពលរដ្ឋខ្លួននិងបរទេសទេ គឺជាការឈ្លានពានលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ដែលអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅមកលើជាតិនិងប្រជាជនកម្ពុជា៕
ខាងក្រោមនេះជារូបភាព៖













