អគ្គព្រះរាជអាជ្ញា ជា លាង តំណាងក្រុមគ្រួសារនៃសព ថ្លែងអំណរព្រះគុណ ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដែលព្រះអង្គប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ជូនដល់លោកឪពុកបង្កើត
23-12-2025 16:56
(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញា ជា លាង តំណាងក្រុមគ្រួសារនៃសព បានចេញសារលិខិតថ្លែងអំណរព្រះគុណ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ជូនដល់លោកឪពុកបង្កើត។
ក្នុងសារលិខិតថ្លែងអំណរព្រះគុណ បានសរសេរថា «ក្នុងនាមក្រុមគ្រួសារសព ទូលព្រះបង្គំខ្ញុំម្ចាស់ មានសេចក្តីរំភើបឥតឧបមា ដោយទទួលបាននូវព្រះរាជក្រឹត្យ ពីព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវ គ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ជូនដល់លោកឪពុកបង្កើត របស់ទូលព្រះបង្គំខ្ញុំម្ចាស់ដែលបាន ទទួលមរណភាព កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០៖៥០នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
ជាមួយនឹងព្រះរាជហឬទ័យ យកចិត្តទុកដាក់ដ៏កក់ក្តៅ និងប្រកបដោយសេចក្តីសន្តោសប្រោសប្រណីពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាដែលសែនក្រៀមក្រំបំផុតនេះ ទូលព្រះបង្គំខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈចំពោះព្រះព្រហ្មវិហារធម៌ដ៏ ឧត្តុង្គឧត្តម និងព្រះរាជគុណដ៏មហាធំធេង មិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ។
ទូលព្រះបង្គំខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវ តារក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ សូមព្រះមេត្តា ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តា ទទួលនូវ អភិវន្ទនកិច្ច និងគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំខ្ញុំម្ចាស់»៕





