អគ្គព្រះរាជអាជ្ញា ជា លាង តំណាងក្រុមគ្រួសារនៃសព ចេញលិខិតថ្លែងអំណរគុណ ជូនចំពោះលោក-លោកស្រី ញាតិមិត្ត និងបងប្អូនទាំងអស់ ដែលបានមករំលែកមរណទុក្ខ ចំពោះមរណភាពលោកឪពុកបង្កើត
23-12-2025 17:01
(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញា ជា លាង តំណាងក្រុមគ្រួសារនៃសព បានចេញសារលិខិតថ្លែងអំណរគុណ ជូនចំពោះលោក-លោកស្រី ញាតិមិត្ត និងបងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ ដល់លោកស្រី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក កែវ ជា ត្រូវជាលោកឪពុកបង្កើត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០៖៥០នាទីព្រឹក ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ក្នុងនាមក្រុមគ្រួសារសព នាងខ្ញុំ សូមគោរពសម្តែងនូវកតញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោក ស្រី ញាតិមិត្ត និងបងប្អូនទាំងអស់ អញ្ជើញមករំលែកមរណទុក្ខដោយផ្ទាល់ ដល់ខ្ញុំ និងក្រុម គ្រួសារ ចំពោះមរណភាពរបស់ ឧបាសក កែវ ជា ត្រូវជាលោកឪពុកបង្កើតរបស់នាងខ្ញុំ ដែលបានទទួល មរណភាពនាថ្ងៃអង្គារ ១១រោច ខែ មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១០៖៥០នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
វត្តមាន និងការចូលរួមជួយជ្រោមជ្រែងរបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្ត និងបងប្អូនទាំងអស់ ប្រកបដោយមនោសញ្ចេតនា ស្រលាញ់រាប់អាន ដ៏ជ្រាលជ្រៅ ព្រមជាមួយនឹងការយកចិត្តទុកដាក់ បានផ្តល់នូវកិត្តិយស និងមានតម្លៃ យ៉ាងធំធេង ដែលយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ។ ការរួមវិភាគទានដ៏មានតម្លៃ ទាំងកម្លាំងកាយ កម្លាំងចិត្តពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ទាំងអស់ បានផ្តល់នូវភាព កក់ក្តៅដល់ក្រុមគ្រួសារយើងខ្ញុំ ក្នុងវេលាប្រកប ដោយភាពសោកសង្រេងនេះ។
យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតន ត្រ័យកែវទាំងបី បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្ត និងបងប្អូនទាំងអស់ និងសូមសម ប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ។
សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្ត និងបងប្អូនទាំងអស់ ទទួលនូវស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕





