បេសកកម្មរបស់សង្គមស៊ីវិលចិន ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជា
23-12-2025 17:02
(ភ្នំពេញ)៖ ក្នុងក្របខណ្ឌនៃចំណងមិត្តភាព "ដែកថែប" រវាងកម្ពុជា និងចិន កិច្ចសហប្រតិបត្តិការមិនមែនមានត្រឹមតែ លើវិស័យនយោបាយ និងសេដ្ឋកិច្ចទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរីកសាយភាយយ៉ាងជ្រៅដល់កម្រិត "បេះដូងនិងបេះដូង" តាមរយៈសកម្មភាពមនុស្សធម៌របស់អង្គការសង្គមស៊ីវិលចិន។ បេសកកម្មទាំងនេះ បាននិងកំពុងផ្ដល់នូវ "ជីវិតទីពីរ" និងស្នាមញញឹមដល់កុមារកម្ពុជារាប់ពាន់នាក់ ដែលនេះគឺជាគុណតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន។
លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះថា គម្រោងដ៏លេចធ្លោបំផុតមួយ គឺកម្មវិធីពិនិត្យ និងព្យាបាលជំងឺបេះដូងពីកំណើតដល់កុមារកម្ពុជា។
តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យជំនាញៗមកពីប្រទេសចិន និងការនាំយកកុមារកម្ពុជាទៅទទួលការវះកាត់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យទំនើបៗក្នុងប្រទេសចិន សង្គមស៊ីវិលចិនបានជួយសង្គ្រោះជីវិតកុមារដែលគ្រួសារមានជីវភាពខ្វះខាត។ ការជួយសង្គ្រោះកុមារម្នាក់ មិនត្រឹមតែជាការសង្គ្រោះជីវិតមនុស្សម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់សេចក្ដីសង្ឃឹមឡើងវិញ ដល់គ្រួសារទាំងមូល។
លោកបណ្ឌិតបញ្ជាក់យ៉ាងដូច្នេះថា ៖ «ចាប់ពីឆ្នាំ២០១៨មក ដោយមានកិច្ចសហការជាមួយអង្គកា រYUNDI ខ្ញុំខ្លួនឯងផ្ទាល់បានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យកម្ពុជា-ចិន ក្នុងការពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាជិត ៨០ពាន់នាក់ ហើយបានជួយសម្របសម្រួលបញ្ជូនកុមារ១២៤រូប ទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃលើ ជំងឺបេះដូងពីកំណើត ពីមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន។
ដោយឡែកចាប់ពីឆ្នាំ២០២៣មក សង្គមស៊ីវិល២បន្ថែមទៀតគឺ មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និង មូលនិធិចិន PEACELAND បានគាំទ្របន្ថែមកម្លាំងដល់អង្គការYUNDI ក្នុងបុព្វហេតុលើកកម្ពស់សុខុមាលភាពជូនដល់កុមារកម្ពុជា។
តាមរយៈសកម្មភាពទាំងនេះ ទាំងប្រជាជនកម្ពុជា ទាំងអាជ្ញាធរមូលដ្ឋាន ទាំងខ្ញុំ សុទ្ធតែយល់ស្របគ្នាថា បេសកកម្មរបស់សង្គមស៊ីវិលចិននៅកម្ពុជាពិតជាមានគុណតម្លៃមហាសាល ហើយជាសកម្មភាពប្រតិបត្តិការជាក់ស្តែង ដែលកុមារកម្ពុជាជានិច្ចកាលទទួលបានដោយផ្ទាល់ ស្របនឹងសច្ចភាពដែលយើងទទួលស្គាល់ទាំងអស់គ្នាថា កុមារជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនរបស់ជាតិនីមួយៗ ហើយសុខភាពល្អរបស់កុមារ ជាក្តីសង្ឃឹមខ្ពស់សម្រាប់ជាតិ។»
សូមបញ្ជាក់ថា បេសកកម្មរបស់សង្គមស៊ីវិលចិននៅកម្ពុជា មិនមែនគ្រាន់តែជាជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា សកម្មភាពពោរពេញ ដោយទឹកចិត្តមនុស្សធម៌ ដែលបានជួយលើកកម្ពស់គុណភាពជីវិតរបស់កុមារកម្ពុជា យ៉ាងពិតប្រាកដ។ ក្នុងនាមជាទំពាំងស្នងឫស្សី សុខភាពរបស់កុមារគឺជាគ្រឹះនៃអភិវឌ្ឍន៍ជាតិ ហើយការគាំទ្រពីមិត្តចិន តាមរយៈផ្លូវនេះ គឺជាត្បូងពេជ្រដ៏មានតម្លៃក្នុងទំនាក់ទំនងកម្ពុជា-ចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន






