អគ្គព្រះរាជអាជ្ញា ជា លាង តំណាងក្រុមគ្រួសារនៃសព ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាព លោកឪពុកបង្កើត
23-12-2025 17:07
(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញា ជា លាង តំណាងក្រុមគ្រួសារនៃសព បានចេញសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខដល់លោកស្រី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក កែវ ជា ត្រូវជាលោកឪពុកបង្កើត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០៖៥០នាទីព្រឹក ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
ក្នុងសារលិខិតថ្លែងអំណរគុណ បានសរសេរថា «ក្នុងនាមក្រុមគ្រួសារសព នាងខ្ញុំសូមគោរពសម្តែងនូវកតញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើសារលិខិត រំលែកមរណទុក្ខ ដល់នាងខ្ញុំ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក កែវ ជា ត្រូវជាលោកឪពុកបង្កើតរបស់នាងខ្ញុំ ដែលបានទទួលមរណភាពនាថ្ងៃអង្គារ ១១រោច ខែ មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១០៖៥០នាទីព្រឹក ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសក្ខីភាពបញ្ជាក់នូវទឹកចិត្ត ស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបនាងខ្ញុំ ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់ គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ល្អប្រពៃ ថ្លៃថ្លា របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឡើយ។
យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យ ចំពោះ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្ដីភាពពីនាងខ្ញុំ»៕





