រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបូជាសពវីរកងទ័ពកម្ពុជា លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង
23-12-2025 17:09
(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រី ព្រមទាំងគណៈប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងមូលដ្ឋានឃុំ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសពវីរកងទ័ពកម្ពុជា លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង នាយរង អនុសេនាតូចទី៣ កងអនុសេនាតូចកាំភ្លើងធំ កងពលតូចលេខ៤២ នៃយោធភូមិភាគទី៤ នៅគេហដ្ឋានស្ថិតនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ពិធីបូជាសព ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។
ក្នុងពិធីនោះដែរ លោករដ្ឋមន្ដ្រី បានអញ្ជើញដាក់កម្រងផ្កា និងអុជធូប ដើម្បីឧទ្ទិសបុណ្យកុសលជូនដួងវិញ្ញាណក្ខន្ធសព ព្រមទាំងទទួលព្រះអគ្គី ពីព្រះសង្ឃ និងប្រទានព្រះអគ្គីបូជាសព ជាការជូនដំណើរជាលើកចុងក្រោយបង្អស់។ ក្នុងឱកាសដ៏សែនវិយោគនោះ លោករដ្ឋមន្ដ្រី និងលោកស្រី ព្រមទាំងអង្គពិធីទាំងមូល បានសម្តែងនូវសមានទុក្ខជាពន្លឹកជាមួយ លោកស្រី រ៉ាត់ សារិក ត្រូវជាភរិយានៃសព ព្រមទាំងក្រុមគ្រួសារ និងបានសម្ដែងនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលីកម្មអាយុជីវិតក្នុងបុព្វហេតុការពារប្រទេសជាតិ និងប្រជាជនកម្ពុជា និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ វីរកងទ័ព ស៊ុយ គឹមយាង បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង អាយុ ៤១ឆ្នាំ ជាវីរកងទ័ពជួរមុខឈរជើងការពារនៅសមរភូមិប្រាសាទតាមាន់ បានពលីជីវិតលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទីកដីកម្ពុជា តទល់នឹងការឈ្លានពានដោយខុសច្បាប់របស់ទាហានសៀម ចូលក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បច្ចុប្បន្នសពរបស់លោក ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យឈាបនកិច្ចតាមប្រពៃណី នៅគេហដ្ឋានស្ថិតនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មរណភាពរបស់លោក គឺជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូប ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត បម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា រហូតអវសាននៃជីវិត៕






















