អគ្គព្រះរាជអាជ្ញា ជា លាង តំណាងក្រុមគ្រួសារនៃសព ថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពលោកឪពុកបង្កើត

23-12-2025 17:10

(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញា ជា លាង តំណាងក្រុមគ្រួសារនៃសព បានចេញសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខដល់លោកស្រី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក កែវ ជា ត្រូវជាលោកឪពុកបង្កើត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០៖៥០នាទីព្រឹក ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតថ្លែងអំណរគុណ បានសរសេរថា «ក្នុងនាមក្រុមគ្រួសារសព នាងខ្ញុំសូមគោរពសម្តែងនូវកតញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ ដល់នាងខ្ញុំ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក កែវ ជា ត្រូវជាលោកឪពុកបង្កើតរបស់នាងខ្ញុំ ដែលបានទទួលមរណភាពនា ថ្ងៃអង្គារ ១១រោច ខែ មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១០៖៥០ នាទីព្រឹកក្នុង ជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី និងលោកជំទាវ ជាសក្ខីភាព បញ្ជាក់នូវទឹកចិត្ត ស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបនាងខ្ញុំ ព្រមទាំងក្រុមគ្រួសារ ដែលធ្វើ ឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លា របស់ សម្តេចមហា បវរធិបតី និងលោកជំទាវ បានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតន ត្រ័យកែវទាំងបី បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យ ចំពោះ សម្តេចមហា បវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរ ដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្ដីភាព ពីនាងខ្ញុំ»៕