មូលនិធិសម្អាងការ ឌី សុនីត្តា នាំអំណោយចែកជូនវីរកងទ័ពជួរមុខ និងបន្តចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍កែវមានជ័យ ខេត្តព្រះវិហារ ជាមួយមូលនិធិ ទឹមរដ្ឋា

23-12-2025 17:23

(ព្រះវិហារ)៖ មូលនិធិសម្អាងការ ឌី សុនីត្តា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បាននាំអំណោយជាស្បៀង សម្ភារ ចែកជូនវីរកងទ័ពជួរមុខឈរជើងនៅសមរភូមិទិសទី១ប្រាសាទព្រះវិហារ។

ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ នៅថ្ងៃដដែលនេះដែរ មូលនិធិសម្អាងការ ឌី សុនីត្តា បានសហការជាមួយ មូលនិធិ ទឹម រដ្ឋា ទ្រទ្រង់ភៀសសឹក បានរៀបចំយុទ្ធនាការមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្នមណ្ឌលសុវត្ថិភាព វត្តពោធិ៍កែវមានជ័យ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោមវត្តមានចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

នៅឱកាសនោះដែរលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ មូលនិធិសម្អាងការ ឌី សុនីត្តា និង មូលនិធិ ទឹម រដ្ឋា ទ្រទ្រង់ភៀសសឹក ព្រមទាំងប្រតិភូទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ នាំយកអំណោយស្បៀង សម្ភារ មកប្រគល់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងនៅវត្តពោធិ៍កែវមានជ័យនេះ៕

ដោយឡែកលោកស្រី ទឹម រដ្ឋា តំណាងឱ្យមូលនិធិទាំងពីរ បានថ្លែងដោយសេចក្តីរំភើប រីករាយ ដែលបានមកជួបបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅទីនេះ ហើយនិងចូលរួមសោកស្តាយចំពោះទុក្ខលំបាកដែលបងប្អូនកំពុងជួបប្រទះ។លោកស្រីថា អំណោយទាំងនេះ ទោះបីមានចំនួនមិនច្រើនលើសលប់ក៏ដោយ ប៉ុន្តែវាគឺជាទឹកចិត្តសប្បុរសធម៌ និងការរួមចំណែកបន្តិចបន្តួចដើម្បីជួយដល់បងប្អូនយើងក្នុងគ្រាដ៏លំបាកនេះ៕