លោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ បន្តឧបត្ថម្ភអង្ករ ចំនួន១០០តោន ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចូលរួមឧបត្ថម្ភគាំទ្រ ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក

23-12-2025 17:28

(ពោធិ៍សាត់)៖ លោក ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកស្រី យូ ស្រីលាភ ទីប្រឹក្សាក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបរិច្ចាគធនធានផ្ទាល់ខ្លួន នាំយកអង្ករចំនួន១០០តោន មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចូលរួមឧបត្ថម្ភគាំទ្រ ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ក្នុងស្មារតីខ្មែរតែមួយ ខ្មែររួបរួមសាមគ្គីគ្នា នាអំឡុងពេលដ៏លំបាក។

ពិធីប្រគល់ទទួលអំណោយខាងលើ ត្រូវបានធ្វើឡើងនៅសាលប្រជុំខេត្ត ដោយបានការទទួលស្វាគមន៍ ពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងបានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងនាយក នាយករដ្ឋបាលសាលាខេត្ត។

លោក ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានឱ្យដឹងថា អំណោយជាអង្ករខាងលើនេះ គឺជាទឹកចិត្ត ជាបេះដូង និងក្តីមេត្តា ដែលក្រុមគ្រួសាររបស់លោក ដែលសប្បុរសជនបានផ្តល់ជូនតាមរយៈលោក ក្នុងស្មារតីខ្មែរតែមួយ និងជាការរួបរួមសាមគ្គីគ្នា ក្នុងអំឡុងពេលដ៏លំបាក ដើម្បីជួយដល់ពលរដ្ឋភៀសសឹក និងដើម្បីជាការរួមចំណែកឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងឈរជើងតំបន់ព្រំដែន កម្ពុជា-ថៃ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់លោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភអង្ករចំនួន១០០តោន ជូនរដ្ឋបាលខេត្ត បង្ហាញអំពីកម្លាំងសាមគ្គីដ៏រឹងមាំនៅជួរក្រោយ ក្នុងការគាំទ្រយុទ្ធជនជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា ពីសត្រូវថៃឈ្លានពាន។ លោកបន្តថា កាយវិការ និងសកម្មភាពមនុស្សធម៌ របស់លោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ ព្រមទាំងក្រុមគ្រួសារនាពេលនេះ ក៏ដូចជាពេលកន្លងទៅ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ដ៏ធំធេងបំផុត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរដូចគ្នា និងបង្ហាញឱ្យឃើញអំពីវប្បធម៌ចែករំលែក ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងលើកកម្ពស់ និងឱ្យតម្លៃខ្លាំងបំផុត។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ លោកបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានអំពាវនាវឱ្យប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាក្នុងស្មារតីខ្មែរតែមួយ និងគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងប្រយុទ្ធទាមទារសន្តិភាព និងសេរីភាពពីការឈ្លានពានរបស់ថៃ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្ត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ ព្រមទាំងក្រុមគ្រួសារ ដោយបានការចូលរួមពីមូលនិធិ EDC បានឧបត្ថម្ភថវិកា និងអង្ករគាំទ្រដល់រដ្ឋបាលខេត្ត ចំនួន៣រួចមកហើយ ដែរក្នុងនោះរួមមាន៖
*កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង តាមរយៈលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង។
*នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានបន្តឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ និងអង្ករ៥តោន ជូនដល់រដ្ឋបាលខេត្តកំពង់ធំ តាមរយៈលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ។
*ជាក់ស្តែងនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តឧបត្ថម្ភ អង្ករចំនួន១០០តោនបន្ថែមទៀត ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ផងដែរ៕