ពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មីរបស់សារមន្ទីរ ស.ស.រ ទទួលបានអ្នកទស្សនាជាង ៨០០០នាក់ គិតត្រឹមពាក់កណ្ដាលនៃការតាំងពិព័រណ៍

23-12-2025 17:26

(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ននៃធនាគារជាតិនៃកម្ពុជា (សារមន្ទីរ ស.ស.រ) បានបញ្ជាក់ឱ្យដឹងថា ពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មី ក្រោមចំណងជើងថា «ការលេចត្រដែតឡើងវិញ៖ ការបាត់បង់ និងរកឃើញឡើងវិញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត» ទទួលបានអ្នកទស្សនាជាង ៨០០០ នាក់ ចាប់តាំងពីការសម្ពោធជាផ្លូវការ កាលពីខែតុលាកន្លងទៅ។

គិតត្រូវពាក់កណ្ដាលនៃការតាំងពិព័រណ៍កន្លងទៅ ពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មីនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសិស្សានុសិស្ស ក្រុមគ្រួសារ អ្នកស្រាវជ្រាវ និងអ្នកស្រលាញ់វប្បធម៌ជាច្រើនរូប។ ចំនួនអ្នកទស្សនាដ៏ច្រើននេះ បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍ និងការលើកតម្កើងរបស់សាធារណជន ចំពោះការរកឃើញឡើងវិញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត និងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។

សារមន្ទីរ ស.ស.រ សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានព្រះបរមរាជានុញ្ញាត ដោយទឹកព្រះទ័យសប្បុរសឱ្យក្រុមការងាររបស់សារមន្ទីរចុះ សិក្សាស្រាវជ្រាវ និងប្រមូលឯកសារផ្សេងៗនៅទីតាំងផ្ទាល់ ដើម្បីសម្រេចទៅបាននូវពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មីនេះ។

ដោយមានការគាំទ្រផ្នែកវិទ្យាសាស្រ្តពីលោកសាស្រ្តាចារ្យ អូលីវីយ៉េរ៍ ដឺ ប៊ែរណុង អ្នកជំនាញនៃសាលាបារាំងចុងបូព៌ា (EFEO) និងការអនុញ្ញាតរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ឱ្យសារមន្ទីរ ស.ស.រ ប្រើប្រាស់នូវហ្វីលកញ្ចក់រូបថតដែលព្រះអង្គបានរក្សាទុក ពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មីនេះ តាំងបង្ហាញនូវរូបគំនូរក្នុងព្រះវិហារព្រះកែវមរកតនៅដើមសតវត្សរ៍ទី២០ ដែលបានរកឃើញឡើងវិញ ក្រោយពី គេធ្លាប់ជឿថាបាត់បង់ជារៀងរហូតទៅហើយ។ តាមរយៈរូបថតដ៏កម្រ សាស្ត្រាស្លឹករឹត និងបទពិសោធន៍បែបអន្តរកម្ម អ្នកទស្សនាអាចឈ្វេង យល់អំពីសារៈសំខាន់ផ្នែកវប្បធម៌ និង ឈុតឆាករឿងជាតក និងអំពីរឿងរ៉ាវដែលនាំឱ្យបាត់បង់ រហូតដល់រកឃើញឡើងវិញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត។

សារមន្ទីរ ស.ស.រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមតិដ៏មានអត្ថន័យរបស់សាធារណជនទាំងអស់ និងបន្តស្វាគមន៍អ្នកទស្សនាគ្រប់រូបរៀងរាល់ម៉ោងធ្វើការ៕