ថ្នាក់ដឹកនាំខេត្តកែប បន្តនាំយកអំណោយទៅចែកជូនដល់ទីតាំងជនភៀសសឹក និងវីរៈកងទ័ព នៅខេត្តកោះកុង

23-12-2025 17:31

(កែប)៖ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានដឹកនាំ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងទាំងបី អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ បាននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់នានា ចុះចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងខេត្តកោះកុង និងអំណោយមួយចំនួនទៀត បានប្រគល់ជូនវីរកងទ័ព កំពុងឈរជើងនៅសមរភូមិខេត្តកោះកុងផងដែរ ដោយមានការទទួលស្វាគមន៍ ពីសំណាក់លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ព្រមទាំងជួរថ្នាក់ដឹកនាំដទៃទៀត។

ការផ្ដល់ជូនអំណោយខាងលើ គឺជាសកម្មភាពមនុស្សធម៌ បង្ហាញពីការយកចិត្តទុកដាក់ និងជាការរួមចំណែករបស់ថ្នាក់ដឹកនាំខេត្តកែប ក៏ដូចជាមន្ត្រីរាជការទាំងអស់ ជាមួយរាជរដ្ឋាភិបាល ពិសេស រដ្ឋបាលខេត្តកោះកុង ក្នុងស្មារតីខ្មែរតែមួយ ក្នុងការជួយសម្រាលបញ្ហាជីវភាពប្រចាំថ្ងៃ និងផ្តល់កម្លាំងចិត្ត ដល់ជនភៀសសឹក អោយមានភាពជឿជាក់ ក្នុងការងើបឈរតតាំងជាមួយពួកសៀមឈ្លានពាន។

លោកបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍លើកឡើងថា ការជួយគ្នាទៅវិញទៅមក និងសាមគ្គីភាពជាតិ គឺជាគន្លឹះដ៏សំខាន់ ក្នុងការឆ្លងកាត់គ្រាលំបាក ហើយការលំបាកនេះហើយធ្វើអោយយើងកាន់តែរឹងមាំ និងខ្លាំងខ្លាយូរអង្វែង។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត សោម ពិសិដ្ឋ ក៏បានថ្លែងនូវការគោរពដឹងគុណ ជូនដល់យុទ្ធជនទាំងអស់របស់កម្ពុជា ដែលកំពុងតស៊ូយ៉ាងអង់អាចក្លាហាន និងប្តូរផ្តាច់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាព តាមបណ្តោយព្រំដែន ប្រឆាំងនឹងអំពើឈ្លានពានដ៏ឃោរឃៅរបស់ប្រទេសថៃ មកលើកម្ពុជា។

ទន្ទឹមនេះ លោកអភិបាលខេត្តកែប បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់វីរកងទ័ពទាំងអស់។
លោកអភិបាលខេត្តកែប បន្តថា ការនាំយកអំណោយមកនេះ បញ្ជាក់ពីស្មារតីគាំទ្រ និងការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ និងឆ្លុះបញ្ចាំងពីសាមគ្គីភាពខ្មែរតែមួយ ដើម្បីយកជ័យជម្នះលើសត្រូវឈ្លានពាន និងនាំយកសុខសន្តិភាព ជូនដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕