Fresh Exclusive: ប្រជាជនកម្ពុជាអំពាវនាវមហាអំណាច សូមប្រើសម្ពាធពិតប្រាកដ ដើម្បីបញ្ឈប់វិនាសកម្មសង្គ្រាមពីសំណាក់យោធាថៃ!

23-12-2025 17:34

(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ថ្មីៗចុងក្រោយនេះ នូវជំនឿជឿជាក់ថា សហរដ្ឋអាមេរិក នឹងអាចមានលទ្ធភាពនិងឥទ្ធិពលក្នុងការបញ្ឈប់អំពើឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា។ ប្រសាសន៍បញ្ជាក់របស់លោក ដូណាល់ ត្រាំ បានធ្វើឡើង ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងប្រទេសម៉ាឡេស៊ី ថ្ងៃទី២២ធ្នូ នៅមិនទាន់អាចដោះស្រាយបាននូវការបញ្ឈប់សកម្មភាពឈ្លានពានថៃមកលើកម្ពុជា។

Fresh Exclusive មានអត្ថបទស៊ីជម្រៅ ជុំវិញបញ្ហានេះ៖

ជារៀងរាល់ថ្ងៃ ទោះបីសម្លេងគ្រាប់កាំភ្លើងនៅតាមខ្សែបន្ទាត់ព្រំដែន អាចស្ងាត់តែមួយភ្លែតៗក៏ដោយ ប៉ុន្តែភាពភ័យខ្លាចគ្រប់វិនាទីមិនដែលស្ងាត់ឡើយ។ ជីវិតពលរដ្ឋខ្មែរតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តស្លាប់និងរងរបួស, អ្នកភៀសសឹកដែលរត់ចាកចេញពីភូមិ មានចំនួនកាន់តែកើនឡើង, ផ្ទះសម្បែងនិងអគារធំៗ បានរងនឹងភាពបាក់រលំ ខ្លះឆេះខ្ទេចខ្ទី ដោយសារគ្រាប់បាញ់ផ្លោងគ្រប់ប្រភេទ និងគ្រាប់ទម្លាក់ដោយយន្តហោះចម្បាំងថៃរួមទាំងយន្តហោះ F-16 និង Grippen, ទាហានថៃ ជិះរថក្រោះ រថពាសដែក បើកសម្រុកចូលក្នុងភូមិអ្នកស្រុកខ្មែរ បង្កការបាញ់រះយ៉ាងព្រៃផ្សៃ និងតាមរយៈកាម៉េរាមានសុវត្ថិភាពខ្លះ បានបង្ហាញរូបទាហានថៃ នៃកាន់អាវុធចូលក្នុងផ្ទះអ្នកស្រុក និងខ្លះថែមទាំង បានលួចយកម៉ូតូពលរដ្ឋខ្មែរ ដែលទុកចោលជិះជាមួយនឹងដៃកាន់កាំភ្លើង ដោយគ្មានភាពអៀនខ្មាសចំពោះអំពើលួចប្លន់ដ៏អាក្រក់របស់ខ្លួនឡើយ។

ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងប្រទេសម៉ាឡេស៊ី ថ្ងៃទី២២ធ្នូ នៅមិនទាន់អាចដោះស្រាយចេញនូវវិបត្តិដ៏ធ្ងន់ធ្ងរទាំងនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ម្តងទៀតនូវជំនឿជឿជាក់ថា សហរដ្ឋអាមេរិក នឹងអាចមានលទ្ធភាពនិងសមត្ថភាពបញ្ឈប់សង្គ្រាមបាន។

លោក ដូណាល់ ត្រាំ៖ «And Thailand is starting to shape up, they started with Cambodia, they started up again but I know Marco we have that is pretty good shape to have that stopped…».

«ហើយប្រទេសថៃ កំពុងចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។ ពួកគេបានចាប់ផ្តើម បង្កបញ្ហាជាមួយកម្ពុជា ហើយបន្ទាប់មកក៏បានចាប់ផ្តើមបង្កបញ្ហាឡើងវិញម្តងទៀត។ ប៉ុន្តែខ្ញុំដឹងថា លោក ម៉ាកូ យើងស្ថិតក្នុងស្ថានភាពដែលមានលទ្ធភាពល្អគ្រប់គ្រាន់ ក្នុងការធ្វើឱ្យសង្គ្រាមនោះ ត្រូវបានបញ្ឈប់»

នេះគឺជាប្រសាសន៍បញ្ជាក់ថ្មីៗរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី២២ធ្នូ ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន មិនអាចមានអំណាចដាក់សម្ពាធមកលើប្រទេសថៃក្នុងការបញ្ឈប់សង្គ្រាមបានឡើយ។

ក្នុងប្រសាសន៍ដែលលោកបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ ថាសហរដ្ឋអាមេរិក «ស្ថិតក្នុងស្ថានភាពល្អ ក្នុងការធ្វើឱ្យស្ថានការណ៍សង្គ្រាមនេះត្រូវបានបញ្ឈប់» បានធ្វើឱ្យសំណួរសំខាន់មួយ បានលេចឡើងយ៉ាងច្បាស់នៅលើវេទិកាអន្តរជាតិ ថាតើពិភពលោកនឹងបន្តឈរមើលឥរិយាបថក្រឡិចក្រឡុច និងការបំពានជាបន្តបន្ទាប់របស់ថៃដូចមុន ទៀតឬយ៉ាងណា ឬនឹងត្រូវប្រើសម្ពាធពិតប្រាកដ ដើម្បីបញ្ចប់សង្គ្រាមដែលកំពុងបង្កទុក្ខវេទនាដល់ប្រជាជនស្លូតត្រង់ពីមួយថ្ងៃទៅមួយថ្ងៃនេះ?

សម្រាប់កម្ពុជា សំណួរនេះ មិនមែនជាសំណួរដែលត្រូវបន្តអូសបន្លាយទៀតបានឡើយ ពីព្រោះការវាយប្រហាររបស់ថៃ រួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 បានបង្កឱ្យមានការបាត់បង់ជីវិត និងការខូចខាតផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលពាក្យថ្លែងការណ៍ ឬកិច្ចព្រមព្រៀងឈប់បាញ់ ដែលមានតែអក្សរនៅលើសន្លឹកក្រដាសមិនអាចធានាឱ្យភាគីថៃគោរពបានឡើយ។

* ហេតុអ្វីពាក្យសម្តីរបស់លោក ត្រាំ មានន័យសំខាន់សម្រាប់កម្ពុជា?

ពាក្យសម្តីរបស់លោក ដូណាល់ ត្រាំ មិនមែនជាការនិយាយសម្រាប់តែឆាកការទូតនោះទេ។ វាជាសញ្ញានៃអំណាចនិងសម្ពាធ មិនមែនត្រឹមតែការសម្រុះសម្រួលទេ មានន័យថាទាល់តែមានសម្ពាធខ្លាំងគ្រប់គ្រាន់ទើបអាចបង្ខំឱ្យថៃត្រូវផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនបាន។ ក្នុងទស្សនៈនយោបាយរបស់លោក ត្រាំ តាមរយៈសម្តីនេះ បានបង្ហាញថា ការបង្កសង្គ្រាមដោយថៃ នឹងមិនអាចបញ្ចប់ដោយការនិយាយត្រឹមតែមាត់ ឬនៅលើកិច្ចព្រមព្រៀងតែប៉ុណ្ណោះបានឡើយ ប៉ុន្តែត្រូវបញ្ចប់នៅពេលដែលតម្លៃនៃការបន្តសង្គ្រាម នឹងក្លាយជារឿងនៃផលវិបាកដែលថៃមិនអាចទ្រាំទ្របាន។ នោះហើយជាមូលហេតុ ដែលធ្វើឱ្យពាក្យសម្តីរបស់លោក ត្រាំ មានន័យសំខាន់យ៉ាងខ្លាំងសម្រាប់កម្ពុជា នៅក្នុងការស្វែងរកសន្តិភាពពិតប្រាកដ មិនមែនសន្តិភាពតាមពាក្យសន្យាទេ។

សម្រាប់កម្ពុជា ពាក្យសម្តីបញ្ជាក់នេះ កំពុងបង្ហាញអត្ថន័យដ៏ច្បាស់ថា «ពាក្យសម្តីថ្កោលទោសដោយគ្មានការអនុវត្ត នឹងមិនអាចបញ្ឈប់គ្រាប់បែកទម្លាក់ដោយប្រទេសថៃបានទេ»«សេចក្តីអំពាវនាវដែលគ្មានការដាក់សម្ពាធ នឹងមិនអាចការពារប្រជាពលរដ្ឋស្លូតត្រង់បានឡើយ»

ហេតុនេះហើយ ប្រជាជនកម្ពុជា បានឮពេញត្រចៀកនូវពសម្តីរបស់លោក ដូណាល់ ត្រាំ ដែលមានការរំពឹងថា សម្តីបញ្ជាក់របស់លោកប្រាប់អ្នកសារព័ត៌មានចុងក្រោយនេះ គឺជាការបើកទ្វារមែនទែនទៅរក សកម្មភាពពិតប្រាកដ រួមទាំងការរៀបចំសម្រាប់ទណ្ឌកម្មមិនអាច លេងសើចបានឡើយ ប្រសិនបើថៃនៅតែបន្តការឈ្លានពានដាក់មកលើកម្ពុជា។

* កម្ពុជាត្រូវការសន្តិភាពជាបន្ទាន់ ខណៈជីវិតមនុស្សកំពុងបាត់បង់រៀងរាល់ថ្ងៃ

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនជាជម្លោះអរូបី ឬជម្លោះនៃពាក្យសម្តីនយោបាយនៅលើវេទិកាទូតនោះឡើយ។ វាជាជម្លោះ ដែលត្រូវបានវាស់វែងដោយឈាមនិងជីវិតពិត, ជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ ដែលកំពុងបាត់បង់ជារៀងរាល់ថ្ងៃ, មានអ្នករងរបួស និងមានអ្នកត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសម្បែង។ សាលារៀនត្រូវបិទទ្វារ វត្តអារាមត្រូវបំផ្លាញ ភូមិអ្នកស្រុក ត្រូវវិនាសក្រោមការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងដ៏ព្រៃផ្សៃ ពីសំណាក់កម្លាំងយោធាថៃ ដែលដៃកាន់អាវុធ ចូលមកឈ្លានពានលើទឹកដីខ្មែរ ដោយបំពានច្បាប់អន្តរជាតិយ៉ាងចំហ។

កម្ពុជា មិនដែលជ្រើសរើសសង្គ្រាមឡើយ។ ប្រទេសនេះ បានឆ្លងកាត់អតីតកាលដ៏ឈឺចាប់ និងឈាមដាបពោះដំរី គ្រប់គ្រាន់ហើយ។ ប៉ុន្តែថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជា បែរជាកំពុងត្រូវបង្ខំឱ្យរស់នៅក្រោមសង្គ្រាមមួយក្នុងសម័យទំនើប ដែលប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំងពីសំណាក់ប្រទេសជិតខាងមួយ ដែលត្រូវបានញុះញង់ ដោយការបកស្រាយប្រវត្តិសាស្ត្រខុសពីការពិត និងមានបំណងលោភលន់ចង់យកទឹកដីរបស់ខ្មែរ។ វាជាវិវាទ ដែលពិភពលោកគួរតែដោះស្រាយដោយច្បាប់អន្តរជាតិ មិនមែនដោយកម្លាំងអាវុធនោះឡើយ។

កម្ពុជា អំពាវនាវឱ្យពិភពលោក បើកភ្នែក និងបើកបេះដូងសម្លឹងមើលប្រទេសកម្ពុជា និងប្រជាជនខ្មែរ ដែលកំពុងដង្ហោយសុំសន្តិភាពដ៏ពិតប្រាកដ។ កម្ពុជា មិនចង់ឱ្យសង្គ្រាមវិលត្រឡប់មកកាន់ជីវិតប្រជាពលរដ្ឋសាជាថ្មីឡើយ។ កម្ពុជា មិនចង់ឱ្យកុមារខ្មែរ ឮសំឡេងគ្រាប់បែក ជំនួសសំឡេងបង្រៀនក្នុងថ្នាក់រៀន។ កម្ពុជា មិនចង់ឱ្យគ្រួសារខ្មែរ រត់ចោលផ្ទះសម្បែងជំនួសការរស់នៅធម្មតា។ ហើយកម្ពុជា មិនចង់ឱ្យការកសាងជាតិ ដែលទើបតែចាប់ផ្តើមឡើងវិញក្រោយអតីតកាលសង្គ្រាមស៊ីវិលដួលរលំក្រោមសង្គ្រាមដ៏ឆ្កួតលេលានេះ សាជាថ្មីឡើយ។

* តួនាទីចិន និងសហគមន៍អន្តរជាតិ

ក្នុងបរិបទដែលភ្លើងសង្គ្រាមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងបង្កទុក្ខវេទនាដល់ប្រជាពលរដ្ឋស្លូតត្រង់, ប្រទេសចិន សហគមន៍អឺរ៉ុប និងបណ្តាមិត្តរបស់កម្ពុជា នៅក្នុងតំបន់និងក្រៅតំបន់ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសន្តិភាព និងស្ថិរភាពរបស់កម្ពុជា។ ក្នុងចំណោមនោះ សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញតួនាទីសកម្ម និងមានទំនួលខុសត្រូវជាក់ស្តែង ក្នុងការជួយពន្លត់ភ្លើងសង្គ្រាមនិងបន្ថយភាពតានតឹង។

ជំហររបស់ប្រទេសចិន ត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈរដ្ឋមន្ត្រីការបរទេស Wang Yi ដែលបានបង្ហាញថា ចិន ក្នុងនាមជាមិត្តជិតស្និទ្ធរបស់កម្ពុជា កំពុងដើរតួនាទីជា ភាគីមិនលម្អៀង ដើម្បីជួយជំរុញ បទឈប់បាញ់បន្ទាន់, បើកផ្លូវសម្រាប់ការសម្រុះសម្រួលដោយសន្តិវិធី, និងនាំវិបត្តិ ឱ្យវិលត្រឡប់ទៅរកសន្តិភាពប្រកបដោយច្បាប់អន្តរជាតិ។

កម្ពុជា បានស្វាគមន៍យ៉ាងខ្លាំងចំពោះការទូតចុះឡើង (Shuttle Diplomacy) របស់ចិន ដែលកំពុងខិតខំបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងបង្កើតលក្ខខណ្ឌអនុវត្ត សម្រាប់ស្វែងរកការឈប់បាញ់ជាក់ស្តែងនៅលើសមរភូមិ។ កិច្ចប្រឹងប្រែងមិនខ្លាចនឿយហត់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាពតំបន់ គឺជាការទទួលខុសត្រូវរួម ហើយត្រូវការសកម្មភាពពិតប្រាកដ មិនមែនត្រឹមតែសេចក្តីថ្លែងការណ៍ឡើយ។

ក្នុងន័យនេះ កម្ពុជា អំពាវនាវសាជាថ្មីដល់សហគមន៍អន្តរជាតិ ប្រទេសអាស៊ាន ប្រទេសចិន សហគមន៍អឺរ៉ុប និងដៃគូពាក់ព័ន្ធទាំងអស់ សូមឱ្យរួមសំឡេងនិងរួមសកម្មភាពគ្នាដើម្បី៖

- បញ្ឈប់អំពើហិង្សារបស់ថៃ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់
- គាំទ្របទឈប់បាញ់ ដែលអាចអនុវត្តបាន និងមានការត្រួតពិនិត្យ
- ជំរុញឱ្យភាគីឈ្លានពាន ប្រើច្បាប់អន្តរជាតិ ជាគោលមិនមែនកម្លាំងអាវុធ
- និងជួយស្តារសន្តិភាព សុវត្ថិភាព និងស្ថិរភាព ដើម្បីឱ្យប្រជាជនកម្ពុជា អាចរស់នៅជាជីវិតធម្មតាវិញ។

កម្ពុជា ជឿជាក់ថាការរួមសំឡេង និងសកម្មភាពរបស់បណ្តាមិត្តនៅលើសកលលោកទាំងនេះ នឹងក្លាយជាគន្លឹះសំខាន់ ក្នុងការបញ្ចប់សង្គ្រាមបញ្ឈប់ទុក្ខវេទនា និងនាំសន្តិភាពត្រឡប់មកវិញ ប្រកបដោយកិត្តិយស និងយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា។

ពាក្យសម្តីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបើកទ្វារមួយរួចហើយ។ ឥឡូវនេះ សំណួរមិនមែនស្ថិតនៅលើថា អាចបញ្ឈប់សង្គ្រាមបានឬមិនបានទេ ប៉ុន្តែស្ថិតនៅលើថា តើពិភពលោក នឹងជ្រើសរើសធ្វើសកម្មភាពយ៉ាងណា ឬត្រូវបន្តឈរមើលភាពអយុត្តិធម៌របស់ថៃ ដែលកំពុងបំផ្លាញសន្តិភាពនិងក្តីសង្ឃឹមរបស់កម្ពុជាជាបន្តទៀតដែរ ឬយ៉ាងណា?

កម្ពុជា មិនប្រាថ្នាសុំឱ្យជួយសងសឹកឡើយ។ កម្ពុជា មិនសុំឱ្យសង្គ្រាមកើនឡើងទៀតទេ។ អ្វីដែលកម្ពុជាសុំគឺ «សន្តិភាពពិតប្រាកដ» សន្តិភាពដែលមានសកម្មភាពគាំទ្រភាគីដែលគោរពច្បាប់អន្តរជាតិ និងការពារប្រជាពលរដ្ឋស្លូតត្រង់ មិនមែនសន្តិភាព ត្រឹមតែជាពាក្យសន្យា ឬអក្សរសរសេរនៅលើសន្លឹកក្រដាសឡើយ។

ប្រសិនបើសម្ពាធពិតប្រាកដ រួមទាំងទណ្ឌកម្ម គឺជាវិធីតែមួយដើម្បីអាចបញ្ឈប់សង្គ្រាម និងការបាត់បង់ជីវិតមនុស្សបាន, នោះពេលវេលាសម្រាប់ធ្វើសកម្មភាព មិនមែនថ្ងៃស្អែកទេ គឺចាប់ពីពេលឥឡូវនេះទៅ។ ជីវិតមនុស្សម្នាក់ៗ មានតម្លៃលើសពីការគណនា និងប្រវត្តិសាស្ត្រ នឹងវាយតម្លៃពិភពលោក មិនមែនតាមអ្វីដែលគេបាននិយាយទេ ប៉ុន្តែតាមអ្វីដែលគេបានធ្វើនៅពេលដែលកម្ពុជា និងប្រជាជនស្លូតត្រង់កំពុងដង្ហោយត្រូវការរកជំនួយពីសហគមន៍អន្តរជាតិជាទីបំផុតក្នុងពេលនេះ៕