រដ្ឋបាលរាជធានី បន្តទទួលអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់នានា ដើម្បីបន្តបែងចែកដល់ជនភៀសសឹក និងកងទ័ពជួរមុខ
23-12-2025 17:36
(ភ្នំពេញ)៖ អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈប្រើប្រាស់ចាំបាច់ជាច្រើន ត្រូវបានរដ្ឋបាលខណ្ឌ គណៈកម្មការផ្សារ,មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ សប្បុរសជន និងប្រជាពលរដ្ឋជាច្រើននាក់ នៅរាជធានីភ្នំពេញ នៅបន្តនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តបែងចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក ខណៈក្រុមទាហានថៃ នៅតែបន្តបាញ់ចូលឈ្លានពាន លើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើន។
ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមានលោក លោកស្រី ជា អភិបាលរងរាជធានី តំណាង ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសាលារាជធានីភ្នំពេញ។
អ្នកប្រគល់អំណោយ នាថ្ងៃនេះ រួមមាន៖ រដ្ឋបាលខណ្ឌសែន សុខ រដ្ឋបាលខណ្ឌទួលគោក មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ គណៈកម្មការផ្សារបន្លែច្បារអំពៅ គណៈកម្មការផ្សារអូឬស្សីនិងសប្បុរសជនមួយចំនួនទៀត។
ក្នុងនាមលោក ឃួង ស្រេង លោក និងលោកស្រី ជាអភិបាលរងរាជធានី ដែលចាំទទួលអំណោយបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈកម្មការផ្សារ អង្គភាព ស្ថាប័នរដ្ឋ សប្បុរសជន និងប្រជាពលរដ្ឋជាច្រើននាក់ លោកយាយ ខៀវ គិន នៅរាជធានីភ្នំពេញ ដែលបាននាំយកអំណោយមកជូនរដ្ឋបាលរាជធានី ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។
ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះបញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕








































