សិក្ខាកាមបញ្ចប់ការសិក្សា និងកំពុងសិក្សានៅសាលាបណ្ឌិត្យ​សភា​យោធា​របស់​ចិន ប្រមូលថវិកាទិញស្បៀង និងសម្ភារប្រើប្រាស់ជូនដល់​កងទ័ពជួរមុខ និងជនភៀសសឹក

23-12-2025 17:51

(ភ្នំពេញ)៖ សិក្ខាកាមជាយោធាដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា​តាម​បណ្តាសាលាបណ្ឌិត្យសភាយោធារបស់ចិន បានរួមគ្នាប្រមូលថវិកា​ផ្ទាល់​ខ្លួន ដើម្បីទិញស្បៀង និងសម្ភារប្រើប្រាស់មួយចំនួនជូនកង​ទ័ព​ជួរ​មុខ ក៏ដូចជាជនភៀសសឹកនៅក្នុងខេត្តពោធិ៍សាត់។

ទន្ទឹមនឹងការទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ដល់កងទ័ពជួរមុខ និងជនភៀសសឹកហើយនោះ សិក្ខាកាមដែលបញ្ចប់ការសិក្សា និងកំពុង​សិក្សានៅតាមបណ្តាសាលាបណ្ឌិត្យសភាយោធារបស់ចិន ក៏បានសម្តែង​នូវ​សមានទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ​នៃវីរៈកងទ័ព​ដែលបាន​ពលី​ជីវិត​ក្នុងកិច្ចការការពារជាតិ។

សិក្ខាកាមទាំងអស់ ក៏ចូលរួមសោកស្តាយចំពោះការបាត់បង់ផ្ទះសម្បែង​ទ្រព្យសម្បត្តិរបស់ជនភៀសសឹកដោយការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា។ សិក្ខាកាមទាំងអស់ ក៏សូមជូនពរដល់វីរៈកងទ័ព និងវីរៈនគរបាលជាតិ ទទួលបានជោគជ័យ ឈ្នះអស់មារសត្រូវ​លើ​កិច្ចការ​ពារបូរណភាពទឹកដី។

សិក្ខាកាមទាំងអស់ ក៏បានប្រកាសគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល​ក្នុងការបណ្តេញសត្រូវឈ្លានពាន និងការពារអធិបតេយ្យជាតិ៕