ក្រសួងព័ត៌មាន សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការផ្សព្វដង្ហែក្បួនទ្រង់ទ្រាយធំ ផ្សព្វផ្សាយប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីការពារសន្តិសុខសង្គមឌីជីថល

23-12-2025 17:51

(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមយ៉ាងសកម្មផុសផុលស្របតាមយុទ្ធសាស្រ្តក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរព័ត៌មានខេត្ត បានបើកយុទ្ធនាការផ្សព្វផ្សាយ និងដង្ហែក្បួនតាមទីសាធារណៈក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយក្នុងសង្គម។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ។

យុទ្ធនាការនេះ រៀបចំឡើងនៅអគារតេជោបូព៌ា នៅទីរួមខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត មេបញ្ជាការ-មេបញ្ជាការង កងកម្លាំងទាំងបី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត ស្ថាប័នវិស័យឯកជន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន៥០០នាក់។

លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានឲ្យដឹងថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មានក្នុងន័យផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណៈជនទូទៅឱ្យមានការយល់ដឹងពីផល់ប៉ះពាល់ និងចេះប្រើប្រាស់ ស្វែងយល់ពីព័ត៌មានណាដែលពិត និងព័ត៌មានណាមិនពិត និងស្វែងយល់ពីប្រភពរបស់ព័ត៌មានទាំងនោះដើម្បីបញ្ជៀសខ្លួនក្លាយជាឧបករណ៍របស់ជនអគតិ ទុច្ចរិតមួយចំនួន។

លោក បន្តថា គិតត្រឹមរយៈពេល ៨ខែដើមឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានធ្វើការផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នូវផុសស្ទ័រ (Poster) បានចំនួន ៧,៣១៦ ផលិតវីដេអូបានចំនួន ២៣ ក្នុងនោះបានធ្វើការចុះផ្សព្វផ្សាយតាមបណ្តាឃុំ ស្រុក ព្រមទាំងរៀបចំយុទ្ធនាការដង្ហែក្បួនធំ ក្នុងឱកាសនេះ។

មានប្រសាសន៍ក្នុងយុទ្ធនាការនេះ លោក ប៉ែន កុសល្យ អភិបាលខេត្តលើកឡើងថា ការធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ពិតជាមានសារៈសំខាន់ណាស់ ដល់មហាជនបានយល់ដឹងពីគ្រោះថ្នាក់ ដែលបណ្តាលមកពីព័ត៌មានក្លែងក្លាយ ហើយក៏ជាសារដ៏សំខាន់ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ សង្គមជាតិ និងប្រជាពលរដ្ឋ។

បន្ថែមពីនោះ លោក ប៉ែន កុសល្យ ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សនិស្សិតទាំងអស់ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុននឹងជឿលើព័ត៌មានអ្វីមួយ ត្រូវពិចារណាឱ្យច្បាស់លាស់មុនចែករំលែកព័ត៌មានលើបណ្ដាញសង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ។

ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន ឱ្យផ្សព្វផ្សាយតែព័ត៌មានពិតគ្រប់ជ្រុងជ្រោយ មានប្រភពព័ត៌មានច្បាស់លាស់ ដើម្បីចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ព្រោះថា អ្នកសារព័ត៌មាន ជាតួអង្គដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការកោតសរសើរដល់ រដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសមន្ទីរព័ត៌មានខេត្ត ដែលបានអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយយ៉ាងសស្រាក់សស្រាំ ដែលយុទ្ធនាការនេះនឹងធ្វើឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ និងធ្វើការបែងចែកនៅប្រភពព័ត៌មានបានច្បាស់លាស់ ហើយស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានផងដែរ។

ក្នុងនាមតំណាងឲ្យក្រសួង លោក បានធ្វើការសំណូមពរឱ្យបន្តយុទ្ធនាការនេះបន្តទៀតឲ្យដូចភ្លៀងរលឹម ដើម្បីកាត់បន្ថយផល់ប៉ះពាល់អវិជ្ជមាននៃព័ត៌មានគ្រប់ប្រភេទ ជាព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថលនេះ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពោលកន្លងមកមន្ទីរព័ត៌មានខេត្ត បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដល់មហាជន ជាពិសេសស្រទាប់យុវជន និងសិស្សនិស្សិត ឲ្យទទួលបានជោគជ័យ៕