អ្នកនាំពាក្យក្រសួងការពារជាតិ៖ សកម្មភាពគ្មានការទទួលខុសត្រូវ និងខុសច្បាប់របស់យោធាថៃ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ (Video inside)
23-12-2025 18:13
(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សកម្មភាពគ្មានការទទួលខុសត្រូវ និងខុសច្បាប់របស់យោធាថៃ បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹមតែសន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។
លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយកងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិ បានទាមទារឱ្យយោធាថៃ បញ្ឈប់ជាបន្ទាន់នូវទង្វើភូតភរកុហក បោកប្រាស់បំភ្លៃការពិត មិនចេះចប់ មិនចេះហើយដើម្បីតែបិទបាំងនូវសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ខ្លួនមកលើកម្ពុជា និងស្នើឱ្យឡប់មកធ្វើការ ដែលមានវិជ្ជាជីវៈ និងមានភាពថ្លៃថថ្នូរ ពីព្រោះគ្រប់ទង្វើរបស់យោធាថៃ គឺបានបង្ហាញយ៉ាងច្បាស់នូវចេតនារបស់ថៃ ក្នុងការរំលោភបំពាន និងការឈ្លានពានលើទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងផែនទីឯកតោភាគីរបស់ខ្លួន ដែលមិនមានការទទួលស្គាល់ជាអន្តរជាតិនោះទេ។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹងគោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ៕








