លោក ឆាយ ឫទ្ធិសែន និង លោកស្រី អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយក្រុមគ្រួសារវីរកងទ័ពជួរមុខកម្ពុជា ដែលស្នាក់នៅក្នុងបន្ទាយកងពលលេខ១
23-12-2025 18:26
(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និង លោកជំទាវ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយក្រុមគ្រួសារវីរកងទ័ពជួរមុខកម្ពុជា ដែលស្នាក់នៅក្នុងបន្ទាយកងពលលេខ១ ចំនួន ១៤០គ្រួសារ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ក្នុងពិធីសំណេះសំណាលនោះ មានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងារ ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំ នៃស្រុកសាមគ្គីមានជ័យ រួមជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជាច្រើនរូបទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស អតីតនាយករដ្ឋមន្រ្ដី និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអនុប្រធានគណៈបក្ស ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។
លោកប្រធាន បានមានប្រសាសន៍សំណេះសំណាល ដោយបានថ្លែងណរគុណជាអនេកប្បការ ដែលបានអនុញ្ញាតឱ្យស្វាមី ឃ្លាតឆ្ងាយពីគ្រួសារ ទៅបំពេញបេសកកម្មនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទីកដីកម្ពុជា តទល់នឹងការឈ្លានពានដោយខុសច្បាប់របស់ទាហានសៀម ចូលក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ឱ្យជឿទុកចិត្តលើកងកម្លាំងយោធាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ព្រមទាំងសូមបងប្អូនកុំមានការព្រួយបារម្ភ ហើយក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់នឹងយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា។
សូមជម្រាបជូនដែរថា ក្នុងពិធីសំណេះសំណាលនោះដែរ លោកប្រធាន និងលោកជំទាវ បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន៖ ១. អង្ករ, ២. ត្រីខ, ៣. សារ៉ុង, ៤. ក្រមា, ៥. សំឡីអនាម័យ, ៦. ទឹកត្រី, ៧. ទឹកស៊ីអ៊ីវ ព្រមទាំងថវិកាមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។ ជាមួយគ្នានោះ លោកស្រីប្រធានកិត្តិយស លោកស្រីប្រធាន និងសមាជិកា នៃសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបន បានជូនថវិកាមួយចំនួនបន្ថែមទៀតដល់បងប្អូនស្ដ្រីដែលទើបសម្រាលកូនរួចចំនួន ៦នាក់ផងដែរ៕





















