រដ្ឋមន្រ្តីសុខាភិបាល៖ បរិស្ថាន និងសុខភាព ត្រូវតែទទួលបាននូវការផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់វិស័យ ស្ថិតក្នុងស្ថានភាពប្រឈមនឹងការឈ្លានពាននៅព្រំដែនកម្ពុជា-ថៃ

23-12-2025 19:22

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព ដែលប្រព្រឹត្ដទៅនៅទីស្តីការក្រសួងសុខាភិបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការជួបជុំគណៈកម្មាធិការនាពេលនេះ ពិតជាចំពេលវេលាដែលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបរិស្ថាន អនាម័យ និងសុខភាពប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពនៃការឈ្លាសពាននៅព្រំដែនកម្ពុជា-ថៃ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បរិស្ថាន និងសុខភាពមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ មានលក្ខណៈប្រទាក់ក្រឡាគ្នា ហើយដើម្បីសម្រេចការងារនេះ គឺត្រូវមានការចូលរួមពីគ្រប់វិស័យ ក្នុងការកំណត់អាទិភាពបញ្ហាបរិស្ថាន និងសុខភាព ដោយត្រូវធ្វើផែនការ តាមដាន វាយតម្លៃ និងអនុវត្តវិធានការទប់ស្កាត់ ដែលតម្រូវឱ្យមានភាពជាដៃគូរួមគ្នារវាងភាគីពាក់ព័ន្ធ ទាំងដៃគូកម្រឹតជាតិ និងអន្តរជាតិ។ «ដូច្នេះយើងត្រូវជំរុញការគិតគូរ យុទ្ធសាស្រ្ត និងរៀបចំផែនការសកម្មភាពជាតិ នៃបរិស្ថាន និងសុខភាព ដើម្បីលើកកម្ពស់សុខភាពបរិស្ថាន អនាម័យ សំដៅលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពការឈ្លានពាននៅព្រំដែនកម្ពុជា-ថៃ»។

ឆ្លៀតក្នុងឱកាសនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវគោលដៅអាទិភាពសំខាន់ៗ ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីឆ្លើយតបនឹងសុខុមាលភាពប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ពជួរមុខ៖ ១) សុខភាពប្រជាពលរដ្ឋ និងវីរកងទ័ពជាអាទិភាព ទោះក្នុងស្ថានភាពណាក៏ដោយ ២) ការបម្រើសេវាដោយសមធម៌ ៣) ការពារហានីភ័យដែលអាចកើតមានជាយថាហេតុជំងឺអាសន្នរោគ ជំងឺឆ្លងនានា ៤) គោលការណ៍ គឺមិនទុកចោលប្រជាពលរដ្ឋណាម្នាក់មិនទទួលបានព្យាបាលនោះទេ។

ជាចុងក្រោយលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាគោលការណ៍អនុវត្តមួយចំនួន ដល់សមាជិក សមាជិកានៃគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព៖ ១) ការងារបរិស្ថាន និងសុខភាព ទាមទាឱ្យមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន ដោយសារជំងឺទាំងអស់មានពាក់ព័ន្ធនឹងបរិស្ថាន ២) ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានផ្ដោតលើសុខភាពជាអាទិភាព ៣) ក្រសួងទាំងឡាយ ត្រូវឆ្លុះបញ្ចាំងពីផលប៉ះពាល់សុខភាពក្នុងវិស័យរបស់ខ្លួន ៤) ចែករំលែកព័ត៌មានទាក់ទងនឹងផលប៉ះពាល់បរិស្ថានឱ្យបានទាន់ពេលវេលា ៥) បញ្ជូលការគាំពារ និងការពារសុខភាពក្នុងផែនការទាំងអស់ និង៦) សុខភាពត្រូវមាននិយាមច្បាស់លាស់។

សូមជម្រាបថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាពនៃក្រសួងស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី ក្រុមការងារនៃបច្ចេកទេសនៃក្រសួងសុខាភិបាល សរុបចំនួន ៣៤រូប៕