អភិបាលខេត្តព្រះវិហារ ចែកធុងទឹក ជាអំណោយឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនផលិតទឹកសុទ្ធ ជូនពលរដ្ឋភៀសសឹកបានប្រើប្រាស់ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍កែវមានជ័យ ស្រុកត្បែងមានជ័យ
23-12-2025 21:02
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញនាំយកធុងទឹកចំណុះ ២០លីត្រ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍កែវមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ការចែកជូនអំណោយនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកស្នាក់នៅទីតាំងសុវត្ថិភាព ដោយសារស្ថានភាពមិនប្រក្រតីនៅតាមមូលដ្ឋាន ជាប់តំបន់ជម្លោះតាមព្រំដែន កម្ពុជា-ថៃ។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តព្រះវិហារ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធម៉ាស៊ីនផលិតទឹកសុទ្ធ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាត សុវត្ថិភាព និងឆ្លើយតបនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាព។
លោក គីម រិទ្ធី បានលើកឡើងថា រដ្ឋបាលខេត្តព្រះវិហារ នឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងជួយសម្រួលគ្រប់បែបយ៉ាង ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានជីវភាពរស់នៅល្អប្រសើរ មានសុវត្ថិភាព និងសុខុមាលភាព ក្នុងអំឡុងពេលស្នាក់នៅទីតាំងសុវត្ថិភាពនេះ៕





















