កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល និងទទួលអំណោយពីសប្បុរសជន ជាស្បៀង និងសម្ភារសម្រាប់ជួយដល់ប្រជាជនភៀសសឹក (Video inside)
23-12-2025 21:43
(ភ្នំពេញ)៖ ជម្លោះប្រដាប់អាវុធសារជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា ប្រមាណជាងកន្លះលាននាក់ ត្រូវបង្ខំចិត្តភៀសសឹក ជម្លៀសចេញពីតំបន់ប្រឈមខ្ពស់ ទៅកាន់ជំរំសុវត្ថិភាព។ ដូច្នេះដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាជនភៀសសឹក មានសប្បុរសជនជាបន្តបន្ទាប់បានជួយឧបត្ថម្ភគាំទ្រជាស្បៀង សម្ភារ និងថវិកា ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ជនភៀសសឹក ដែលត្រូវការបន្ទាន់នូវអំណោយជួយសម្រាលការលំបាក។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ មានសប្បុរសជន ៣ក្រុម បាននាំយកអំណោយជាស្បៀង និងសម្ភារ មកប្រគល់ជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាល ដែលអញ្ជើញទទួលដោយ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។
សប្បុរសជនទាំង ៣ក្រុម ដែលបានអញ្ជើញនាំយកអំណោយមកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា រួមមាន៖
១៖ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភ អង្ករ២តោន, ប្រេងឆាចំណុះ ៥លីត្រ ១៥ប៊ីដុង, មី ៥៥កេស, ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ៤០យូរ, ទឹកត្រីចំណុះ ៥លីត្រ ១៥ប៊ីដុង។ អំណោយនេះលើកទី២ ហើយសម្រាប់ស្ថានទូតរុស្សី ដោយលើកទី១ប្រគល់ជូន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
២៖ ក្រុមហ៊ុន ខេស៊ីមេន ដឹកនាំដោយ លោក គិត គឹមអ៊ិន ឧបត្ថម្ភអង្ករ ១០០តោន។ នេះជាអំណោយលើកទី ១៦ហើយ សម្រាប់ក្រុមហ៊ុន ខេស៊ីមេន ដោយគិតចាប់ពីឆ្នាំ២០១០មក។
៣៖ សហសម្ព័ន្ធ ក្រុមហ៊ុន តូយ៉ូតា ដោយក្នុងនោះមានក្រុមហ៊ុន តូយ៉ូតា (ខេបូឌា) ឧបត្ថម្ភ មុងនិងភួយ ចំនួន ៤៦៦០, ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆីរីង (ខេមបូឌា) ឯ.ក ឧបត្ថម្ភ មុងនិងភួយ ៤៦៦០, និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភី.អិល.ស៊ី ឧបត្ថម្ភ មុងនិងភួយចំនួន ៩៨០។
មានមតិស្វាគមន៍នាឱកាសនោះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជនទាំងអស់ ដែលមានទឹកចិត្តជ្រះថ្លាជួយដល់ប្រជាជនភៀស សឹកដែលកំពុងជួបប្រទះនូវការលំបាក់ តាមរយៈកាកបាទក្រហមកម្ពុជា ដែលនេះឆ្លុះបញ្ចាំងពីស្មារតីនៃវប្បធម៌ចែក រំលែក និងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងសង្គមជាតិកម្ពុជាយើងជារៀងរហូតមក។
លោកស្រីក៏បានជម្រាបជូនពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការជួយដល់ប្រជាពលរដ្ឋភៀសសឹក ដែលកន្លងមកមានដូចជា៖ ការចុះ ចែកអំណោយជាស្បៀង-សម្ភារ ជូនប្រជាជនភៀសសឹកជិត ៧ពាន់គ្រួសារ នៅជំរំសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ការឧបត្ថម្ភថវិកាបន្ទាន់ចំនួន ៥១ម៉ឺនដុល្លារ អាមេរិក ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានភារកិច្ចពិនិត្យ និងជួយបំពេញបង្គ្រប់ការដោះស្រាយទីជម្រក នៅមណ្ឌលសុវត្ថិភាពនានាដែលមានការខ្វះខាត។ ការឧបត្ថម្ភអង្ករចំនួន ១០០តោន ទឹកសុទ្ធ១ពាន់ កេស និងភេសជ្ជៈ ១ពាន់កេស ដល់ខេត្តគោលដៅចំនួន៥។
ដោយឡែកក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជន កាកបាទក្រហមកម្ពុជា របស់សាខានីមួយៗ បានប្រមូលផ្តុំកម្លាំង រៀបជាក្រុមការងារនៅតាមមណ្ឌលភៀត បំពេញតួនាទីជាអ្នកជួយដល់គណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាព ក្នុងការជួយសម្របសម្រួលរៀបចំអំណោយ ចែកស្បៀង-សម្ភារ ដែលសប្បុរសជនបានទៅផ្តល់ជូន, ចុះអប់រំអនាម័យ/សម្អាតបរិស្ថាន, វិធីការពារសុខភាពពី ជំងឺ ឆ្លង/មិនឆ្លងនានា, ការជួយសាង់សង់បន្ទប់ងូតទឹក, រៀបចំជម្រកស្នាក់នៅ រួមទាំងការអប់រំផ្សព្វផ្សាយអំពីមីន, យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម ព្រមទាំងជួយសង្គ្រោះបឋមអ្នកដែលមានបញ្ហាសុខភាព ឬរបួសផងដែរ។
ជាកិច្ចឆ្លើយតប ជាមួយកាកបាទក្រហមកម្ពុជា ដែលត្រូវការជំនួយជាចាំបាច់ ប្រជាពលរដ្ឋគ្រប់ទីកន្លែង មានស្នាមញញឹម ពេញចិត្តយ៉ាងខ្លាំង ក្នុងការជួយទៅដល់ពួកគាត់ ដែលត្រូវការជំនួយជា ចាំបាច់ក្នុងជីវភាពគ្រួសារ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរសប្បុរសជនទាំងអស់ បានសម្តែងនូវក្តីសប្បាយរីករាយដោយបានចូលរួមចំណែកការងារមនុស្សធម៌ ជាពិសេសក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជាជនភៀសសឹករាប់ម៉ឺននាក់ និងសូមកោតសរសើរយ៉ាងខ្លាំងក្លាចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែធ្វើឱ្យប្រជាពលរដ្ឋគ្រប់ទីកន្លែង មានស្នាមញញឹម ពេញចិត្តយ៉ាងខ្លាំង ក្នុងការជួយទៅដល់ពួកគាត់ ដែលត្រូវការជំនួយជាចាំបាច់ក្នុងជីវភាពគ្រួសារ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា៕








































