ព្រះអនុគណស្រុកលើកដែក ខេត្តកណ្តាល និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលេីកដែក នាំអំណោយចែកជូនជនភៀសសឹកចំនួន ១ ៦០០គ្រួសារ
23-12-2025 22:32
(កណ្តាល)៖ ព្រះញាណវិទូ ទិត្យ សំអូន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណស្រុកលើកដែក ខេត្តកណ្តាល និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលេីកដែក នៅទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំព្រះថេរាអនុថេរៈជាច្រេីនព្រះអង្គរួមមានព្រះនាយកពុទ្ធិកអនុវិទ្យាល័យ ស៊ាង ទ្រី កំពង់ភ្នំលើកដែក និងជាព្រះចៅអធិការវត្តគិរីរតនារាម (កំពង់ភ្នំក្នុង) និងតំណាងប្រជាពលរដ្ឋស្រុកលេីកដែក ផ្តល់ជូនដល់លោក តា លោកយាយ និងប្រជាពលរដ្ឋដែលភៀសសឹកចំនួន ១ ៦០០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋភៀសសឹកមកពីស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ១ ០២០គ្រួសារ និងមកពីស្រុកជាំក្សាន្ដ ខេត្តព្រះវិហារចំនួន ៣៣៥គ្រួសារ និងអំណោយបម្រុងចំនួន២៤៥គ្រួសារ បានប្រគល់ជូនអាជ្ញាធរមូលដ្ឋានឃុំ/ស្រុក ដើម្បីប្រេីប្រាស់សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅជិតសមរភូមិ។
អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ១០ គីឡូក្រាម, មី១០កញ្ចប់, ត្រីខ ៥កំប៉ុង, ទឹកសុទ្ធ១យួរ, សំលៀកបំពាក់ និងថវិកាចំនួន ២០ ០០០រៀល។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ហេង រតនា សូមអរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកលើកដែក ដែលបានបង្ហាញនូវស្មារតីសប្បុរសធម៌ សាមគ្គីធម៌យ៉ាងជ្រាលជ្រៅនៃជាតិសាសន៍ខែ្មរបរិច្ចាគធនធាន និងសម្ភារៈផ្ទាល់ខ្លួន ដើម្បីចូលរួមជួយឧបត្ថម្ភ និងបន្ធូរបន្ថយទុក្ខលំបាកដល់បងប្អូនជនភៀសសឹក។ ការចូលរួមនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាព និងស្មារតីរួបរួម សង្គមខ្មែរតែមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខ ក្នុងពេលប្រទេសជាតិកំពុងជួបការលំបាកដោយសារសង្គ្រាមឈ្លានពាននាពេលនេះ។
លោកក៏សូមខន្តីអភ័យទោសដែលមិនបានទៅចូលរួមផ្តល់ជូនអំណោយទាំងនេះដោយផ្ទាល់ជាមួយព្រះញាណវិទូ ទិត្យ សំអូន ព្រោះមានភារកិច្ចចាំបាច់បំផុតចំពោះមុខ៕













