ក្រសួងសុខាភិបាល បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរាយការណ៍ព័ត៌មាន ប្រកបដោយទទួលខុសត្រូវ សម្រាប់អ្នកប្រកបវិជ្ជាជីវៈអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការធ្វើអត្ដឃាត
24-12-2025 11:09
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរាយការណ៍ព័ត៌មាន ប្រកបដោយទទួលខុសត្រូវសម្រាប់អ្នកប្រកបវិជ្ជាជីវៈអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការធ្វើអត្ដឃាត។ ពិធីនេះបានប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។
វគ្គបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន, លោកវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកស្រីវេជ្ជបណ្ឌិត អាដា ម៉ូអាដស៊ីរី តំណាងអង្គការសុខភាពពិភពលោក, លោក អ៊ុង ចិន្តា អនុប្រធាននាយកដ្ឋានកិច្ចការព័ត៌មានទំនាក់ទំនងសាធារណៈនៃក្រសួងព័ត៌មាន, ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ, សិក្ខាកាមជាមន្ត្រីសុខាភិបាលចំណុះក្រសួងសុខាភិបាល មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត, អ្នកប្រកបវិជ្ជាជីវសារព័ត៌មានប្រមាណ៧០នាក់ មន្ត្រីជំនាញនៃក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សរុបចំនួន ១៥០នាក់។
លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន បានថ្លែងថា គោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន យល់ដឹងពីផលប៉ះពាល់នៃការផ្សាយព័ត៌មានដែលមិនមានការទទួលខុសត្រូវពាក់ព័ន្ធនឹងការ ធ្វើអត្តឃាត យល់ដឹង «អ្វីដែលគួរធ្វើ» និង «អ្វីដែលមិនគួរធ្វើ» នៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការធ្វើអត្តឃាត និងបង្កើនការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។
លោកបានថ្លែងបន្ដថា «វគ្គបណ្តុះបណ្តាលដែលយើងចូលរួមនៅថ្ងៃនេះ គ្រាន់តែជាវគ្គដំបូងតែប៉ុណ្ណោះ យើងនឹងមានវគ្គបណ្តុះ បណ្តាលបន្តទៀតដើម្បីពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ឱ្យកាន់តែប្រសើរឡើងថែមទៀត»។
ក្នុងឱកាសនេះដែរលោកឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងផងដែរថា ការអត្តឃាតជាមូលហេតុនាំមុខមួយនៃការស្លាប់នៅលើពិភពលោក ដោយរៀងរាល់ប្រហែល ៤០វិនាទី មានមនុស្សម្នាក់បាត់បង់ជីវិត ដោយសារអត្តឃាត។ ស្ថានភាពនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាអត្តឃាត មិនមែនជាបញ្ហាបុគ្គលតែមួយទេ ប៉ុន្តែជាបញ្ហាសង្គម ដែលតម្រូវឱ្យមានការឆ្លើយតបដោយកិច្ចសហការពហុវិស័យ។ នេះបើយោងតាមការឱ្យដឹងពីអង្គការសុខភាពពិភពលោក។
លោកឱសថការី ឈី ហុង បានថ្លែងបន្ដថា នៅកម្ពុជា អត្តឃាតនៅតែជាបញ្ហាដ៏រសើប និងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុង បរិបទនៃការផ្សព្វផ្សាយព័ត៌មាន។ ការបណ្តុះបណ្តាលជាក់លាក់ដល់អ្នកប្រកបវិជ្ជាជីវសារព័ត៌មានអំពីរបៀបរាយការណ៍ប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវខ្ពស់នៃករណីធ្វើអត្តឃាត និងសុវត្ថិភាព គឺជាតម្រូវការចាំបាច់។ វិស័យព័ត៌មាន និងអ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ប្រកបដោយមានការទទួលខុសត្រូវ ការលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការនាំផ្លូវសាធារណជនឱ្យ ស្វែងរកសេវាជំនួយឱ្យបានសមស្រប។
លោកបន្ថែមថា ភស្តុតាងជាសកលបានបង្ហាញយ៉ាងច្បាស់ថា ការផ្សាយព័ត៌មានអត្តឃាតដោយធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ការបរិយាយលម្អិតពីវិធីសាស្ត្រ ឬការប្រើភាសាមិនសមរម្យ អាចនាំឱ្យកើតមានការធ្វើអត្តឃាតជាបន្តបន្ទាប់។ ផ្ទុយទៅវិញការរាយការណ៍ព័ត៌មានប្រកបដោយសីលធម៌ មនុស្សធម៌ និងគោរពតាមភស្តុតាង អាចរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការមាក់ងាយ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងរកជំនួយ និងការពារអាយុជីវិតមនុស្ស។
ដូច្នេះលោកសូមលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ចូលរួមស្តាប់ ចូលរួមពិភាក្សា និងចែករំលែកបទពិសោធន៍ល្អៗប្រកបដោយស្មារតីបើកចំហ ដើម្បីឱ្យចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ អាចយកទៅ អនុវត្តជាក់ស្តែង ក្នុងការងារផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃពាក់ព័ន្ធនឹងការធ្វើអត្តឃាត ដោយមានការទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕













