ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ស្តីទី និមន្ត អប់រំចរិយាធម៌ សីលធម៌ គុណធម៌ដល់សិស្សានុសិស្សជាង ១ពាន់នាក់ នៅវិទ្យាល័យ ហ៊ុន សែន ចំបក់
24-12-2025 11:13
(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ស្តីទី នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បាននិមន្ត អប់រំចរិយាធម៌ សីលធម៌ គុណធម៌ ដល់សិស្សានុសិស្សចំនួន ១ ០៧៤នាក់ ស្រី ៥៩៦នាក់ នៅវិទ្យាល័យ ហ៊ុន សែន ចំបក់។
កម្មវិធីនេះមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ នាយកសាលា លោកគ្រូ អ្នកគ្រូ ជាច្រើនរូបផងដែរ។
ក្នុងនោះព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាថា ប្រទេសកម្ពុជា មានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនសដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់ ជាពិសេសប្រឆាំងនឹងការឈ្លានពានពីសំណាក់យោធាសៀម មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។
បន្ថែមពីនេះ ព្រះអង្គក៏បានផ្ដល់នូវគន្លឹះសិក្សាតាមបែបព្រះពុទ្ធសាសនា និងការអប់រំចិត្តដល់សិស្សានុសិស្សដើម្បីប្រតិបត្តិក្នុងការសិក្សាប្រកបដោយប្រសិទ្ធផល និងយកមេរៀនទាំងនេះប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ ដើម្បីទទួលបានសេចក្ដីសុខ សេចក្ដីចម្រើនដល់ខ្លួន គ្រួសារ និងសហគមន៍ដែលខ្លួនកំពុងរស់នៅ ជាពិសេសគន្លឹះធ្វើយ៉ាងណាឱ្យរៀនសូត្រឆាប់ចេះ ឆាប់ដឹង ឆាប់យល់ ចងចាំបានយូរ ព្រមទាំងបកស្រាយចម្ងល់របស់សិស្សានុសិស្សថែមទៀត។
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលនាំខ្លួនទៅរកភាពអន្តរាយ ឬមិនមានឧត្តមភាព។ ពាក្យទូន្មាន ចូរធ្វើទង្វើល្អ កុំធ្វើអំពើអាក្រក់ ត្រូវដុសខាត់កាយ វាចា ចិត្តឱ្យល្អផូរផង់ ចូរអ្នកកុំប្រមាថក្នុងសង្ខារទាំងឡាយ គឺជាពាក្យទូន្មានដែលយើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានឮជារឿយៗ ប៉ុន្តែទង្វើនៃបុគ្គលមួយចំនួន គឺប្រាសចាកពីពាក្យទូន្មានទាំងនេះ ដ្បិតការរស់នៅក្នុងសង្គមនីមួយៗរមែងប្រជុំទៅដោយមនុស្សគ្រប់ប្រភេទ គ្រប់ឋានៈ គ្រប់វ័យ ហើយតែងតែមានការប្រកួតប្រជែងគ្នាអត់ឈប់ឈរ។
អ្នកដែលខ្លាំង គឺឈ្នះ អ្នកដែលខ្សោយ គឺចាញ់។ ដូច្នេះ ដើម្បីឱ្យអ្នកឈ្នះ និងអ្នកចាញ់ព្រមទទួលយកទាំងអស់គ្នា គប្បីមានលក្ខខណ្ឌដែលមនុស្សត្រូវមានសីលធម៌ សុជីវធម៌ និងគុណធម៌ប្រចាំចិត្ត ទើបសង្គមមានភាពសុខដុមរមនា៕



















