មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ រៀងរាល់ប្រហែល ៤០វិនាទី មានមនុស្សម្នាក់បាត់បង់ជីវិត ដោយសារការធ្វើអត្តឃាត
24-12-2025 11:42
(ភ្នំពេញ)៖ លោកឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា អត្តឃាតជាមូលហេតុនាំមុខមួយនៃការស្លាប់នៅលើពិភពលោក ដោយរៀងរាល់ប្រហែល ៤០វិនាទី មានមនុស្សម្នាក់បាត់បង់ជីវិត ដោយសារការធ្វើអត្តឃាត។ ស្ថានភាពនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាអត្តឃាត មិនមែនជាបញ្ហាបុគ្គលតែមួយទេ ប៉ុន្តែជាបញ្ហាសង្គម ដែលតម្រូវឱ្យមាន ការឆ្លើយតបដោយកិច្ចសហការពហុវិស័យ។
ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរាយការណ៍ព័ត៌មាន ប្រកបដោយទទួលខុសត្រូវសម្រាប់អ្នកប្រកបវិជ្ជាជីវៈអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការធ្វើអត្ដឃាត នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលរៀបចំដោយក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ។
ការធ្វើអត្តឃាតគឺជាបញ្ហាធ្ងន់ធ្ងរ មនុស្សជាង ៧២០,០០០នាក់បានស្លាប់នៅទូទាំងពិភពលោក ដោយសារការធ្វើអត្តឃាត ជា រៀងរាល់ឆ្នាំ។ ក្នុងនោះ ៧៧% នៃការធ្វើអត្តឃាតនៅទូទាំងពិភពលោក កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូល ទាប និងមធ្យម។
«សម្រាប់នៅកម្ពុជា យោងតាមការប៉ាន់ស្មានជាផ្លូវការរបស់អង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០១៩ មានអ្នកស្លាប់ដោយសារការធ្វើអត្តឃាតចំនួន ៤-៥នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ជារៀងរាល់ឆ្នាំ»
ស្ថានភាពនៃអត្ដឃាតនៅកម្ពុជាចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២៥ មាន១៤៩ករណី ប្រុស ១១៩ករណី (៨០%) និងស្រី ៣០ករណី(២០%) ភាពច្រើន គឺនៅភ្នំពេញ និងខេត្ដបាត់ដំបង ហើយការសម្លាប់ខ្លួននេះដែរភាគច្រើនគឺតាមរយៈចងការសម្លាប់ខ្លួន និងលោតទឹកសម្លាប់ខ្លួន។
លោកឱសថការី ឈី ហុង បានថ្លែងបន្តថា នៅកម្ពុជា អត្តឃាតនៅតែជាបញ្ហាដ៏រសើប និងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុងបរិបទនៃការផ្សព្វផ្សាយព័ត៌មាន។ ការបណ្តុះបណ្តាលជាក់លាក់ដល់អ្នកប្រកបវិជ្ជាជីវសារព័ត៌មានអំពីរបៀប រាយការណ៍ប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវខ្ពស់នៃករណីធ្វើអត្តឃាត និងសុវត្ថិភាព គឺជាតម្រូវការចាំបាច់។ វិស័យព័ត៌មាន និងអ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានាត្រឹមត្រូវ ប្រកបដោយមានការទទួលខុសត្រូវ ការលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការនាំផ្លូវសាធារណជនឱ្យស្វែងរកសេវាជំនួយឱ្យបានសមស្រប។
លោកបានថ្លែងទៀតថា ភស្តុតាងជាសកលបានបង្ហាញយ៉ាងច្បាស់ថា ការផ្សាយព័ត៌មានអត្តឃាតដោយធ្វើឱ្យមានការចាប់ អារម្មណ៍ខ្លាំង ការបរិយាយលម្អិតពីវិធីសាស្ត្រ ឬការប្រើភាសាមិនសមរម្យ អាចនាំឱ្យកើតមានការធ្វើអត្តឃាតជា បន្តបន្ទាប់។ ផ្ទុយទៅវិញ ការរាយការណ៍ព័ត៌មានប្រកបដោយសីលធម៌ មនុស្សធម៌ និងគោរពតាមភស្តុតាង អាចរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការមាក់ងាយ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងរកជំនួយ និង ការពារអាយុជីវិតមនុស្ស។
លោកបានថ្លែងបន្តថា «ខ្ញុំសូមលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ចូលរួមស្តាប់ ចូលរួមពិភាក្សា និងចែករំលែកបទពិសោធន៍ ល្អៗប្រកបដោយស្មារតីបើកចំហ ដើម្បីឱ្យចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ អាចយកទៅ អនុវត្តជាក់ស្តែង ក្នុងការងារផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃពាក់ព័ន្ធនឹងការធ្វើអត្តឃាត ដោយមានការទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ»។
ក្រសួងសុខាភិបាល នឹងបន្តសហការជាមួយ ក្រសួងព័ត៌មាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត កាត់បន្ថយហានិភ័យនៃការធ្វើអត្តឃាត និងការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។
ក្នុងនាមតំណាង លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសូមឱ្យនាយកដ្ឋាន សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បន្តកិច្ចសហការជាមួយអង្គភាពជំនាញនៃក្រសួងព័ត៌មាន និង អង្គការសុខភាពពិភពលោកដើម្បីរៀបចំគោលការណ៍រាយការណ៍ប្រកបដោយការទទួលខុសត្រូវពាក់ព័ន្ធនឹងការធ្វើអត្តឃាតសម្រាប់ អ្នកសារព័ត៌មាន រួមទាំងអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញសង្គម។
ជាពិសេសផ្តល់ការបណ្តុះបណ្តាលបន្តស្តីពីរាយការណ៍ប្រកបដោយការទទួលខុសត្រូវ ពាក់ព័ន្ធនឹងការធ្វើ អត្តឃាត ដល់អ្នកសារព័ត៌មាន រួមទាំងអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញសង្គម ដើម្បីឱ្យការរាយការណ៍ មានការទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌ និងផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់អ្នកសារព័ត៌មាន រួមទាំងអ្នកដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គម ដើម្បីឱ្យគាត់អាចចូលរួមក្នុងការផ្តល់ប្រឹក្សាជាបឋម និងបញ្ជូនទៅកាន់សេវាសមស្រប៕













