រដ្ឋាភិបាលអូស្ត្រាលី ចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជម្លោះរវាងកម្ពុជា និងថៃ និងអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់អរិភាព ងាកមកអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ (Video inside)

24-12-2025 12:15

(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី បានចេញសេចក្តីថ្លែងការណ៍ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជានិងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំនិងភាពតានតឹងនៃជម្លោះ ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលកំពុងកើនឡើងចំពោះភាគីទាំងពីរ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានខ្លឹមសារថា៖ «យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារ ក៏ដូចជាមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយសូមអំពាវនាវឱ្យភាគីទាំងពីរធានា ឲ្យបាននូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌។

យើងជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់ នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

យើងសូមលើកទឹកចិត្តឱ្យភាគីទាំងពីរ ចូលរួមក្នុងការចរចាដោយស្មារតីស្មោះត្រង់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែង និងសន្តិភាព។
យើងសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការបញ្ចប់ជម្លោះនេះ»៕