ព្រះសង្ឃ និងពលរដ្ឋខ្មែរមានកំណើតខ្មែរកម្ពុជាក្រោម បន្តនាំអំណោយចែកជូនពលរដ្ឋភៀសសឹក ដែលរត់ចេញពីផ្ទះសម្បែងពីទម្ងន់គ្រាប់ផ្លោងរបស់យោធាថៃ ក្នុងសកម្មភាពឈ្លានពានលើទឹកដីកម្ពុជា (Video inside)
24-12-2025 12:45
(បន្ទាយមានជ័យ)៖ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរមានកំណើតខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បន្តនាំយកអំណោយជាស្បៀអាហារចែក ជូនដល់ប្រជាពលរដ្ឋកំពុងរស់នៅជំរំជនភៀសសឹក ១៥០គ្រួសារ ដែលស្នាក់នៅក្នុងវត្តដងរុន ស្ថិតនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបានចាកចេញពីផ្ទះសម្បែងគេចចេញពីទម្ងន់គ្រាប់ផ្លោងរបស់ទាហានថៃ ក្នុងសកម្មភាពឈ្លានពានរបស់ពួកគេ បាញ់ស្រោចចូលភូមិឋាន របស់ប្រជាពលរដ្ឋខ្មែរ។
អំណោយនេះដឹកនាំដោយគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម ដែលមាន៦សមាគមខ្មែរក្រោមផ្សេងទៀតជាសមាជិក ដឹកនាំដោយគុណម្ចាស់ព្រះគ្រូ យ៉ាន់ ថាត ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម និងជាព្រះចៅអធិការវត្ត អង្គតាមិញ រួមនឹងលេខាធិការដ្ឋាន នៃអង្គការសមាគមខែ្មរក្រោម ដែលមាន៩ សមាគមខ្មែរក្រោម ជាមាជិកដឹកនាំដោយលោក សឺន យឿង រួមនិងបងប្អូនខ្មែរកំណើតខ្មែរក្រោម និងព្រះសង្ឃខ្មែរដេីមកំណើតខ្មែរក្រោម ចំនួន៩អង្គ និមន្តមពីវត្តអង្គតាមិញ, វត្តសាមគ្គីរង្សី, វត្តតាំងក្រសាំងខាងជេីង, វត្តបុទុមវត្តី និងវត្តនាគវ័ន្ត។
ពិធីនេះមានការសម្របសម្រួលដោយក្រុមការងាររបស់លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។អំណោយរួមមានអង្ករ ១តោនកន្លះ, មី១៥០កេស, ទឹកត្រី ១៥០យួ ទឹកស៊ីអ៉ីវ ១៥០យួរ, ថវិកាចំនួន១លាន ៥០មុឺនរៀល ពងទា ១ ០០០គ្រាប់ និងនំខ្មែរលីលីចំនួន ១៥០កញ្ចប់ នៅក្នុងពិធីចែកអំណោយនេះក៏មានការចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីព្រះចៅអធិការវត្ត ដងរុន និងលោកមេឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ។
ក្នុងព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរមានកំណើតខ្មែរកម្ពុជាក្រោម បានបង្ហាញអារម្មណ៍សោកសៅ និងសង្វេគចិត្តជាខ្លាំងចំពោះទង្វើ ឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបានទទូចដល់សហគមន៍អន្តរជាតិប្រឹងប្រែងបញ្ចប់ការ ឈ្លានពានដ៏ព្រៃផ្សៃនេះ។
ឃើញទិដ្ឋភាពលំបាករបស់ប្រជាពលរដ្ឋចាកចេញពីផ្ទះសម្បែងមកស្នាក់នៅក្នុងតង់តាមទីអារាម ព្រះគ្រូវិនិយានុរ័ក្ខធម្ម យ៉ាន់ ថាត ព្រះចៅអធិការវត្តអង្គតាម៉ិញ បានមើលឃើញថា សង្គ្រាមតាមព្រំដែនកម្ពុជា និងថៃ នាពេលនេះកើតឡើងព្រោះតែកងទ័ពថៃ មានមហិច្ឆតាចង់បានដី និងប្រាសាទរបស់ខ្មែរ។ សង្គ្រាមមិនអាចកើតឡើងនោះឡើយបើកងទ័ពថៃ មិនមានមហិច្ឆតាអាក្រក់នេះ។
លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាខ្មែរមានឈាមជ័រតែមួយ បានបង្ហាញ អារម្មណ៍ខ្លោចផ្សារ និងអាណិតអាសូរជាខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរ ដែលរត់ចាកចោលផ្ទះសម្បែងព្រោះទង្វើឈ្លានពានរបស់កងទ័ពថៃ។
សង្គ្រាមព្រំដែនកម្ពុជា-ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ព បានឈានចូលដល់ថ្ងៃទី១៧ ហើយ គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ សង្គ្រាមកើតពីការឈ្លានពាននេះបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ជាជនស៊ីវិល២១នាក់ស្លាប់បាត់បង់ជីវិត, ជាង៨០នាក់រងរបួស និងជាង ៦០ម៉ឺននាក់ បានចាកចោលផ្ទះសម្បែង។ សង្គ្រាមនេះ ក៏បានបំផ្លាញផ្ទះសម្បែង សាលារៀន អគារពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ជាច្រើនរបស់កម្ពុជា។
រហូតដល់ថ្ងៃទី២៤ ខែធ្នូ កងទ័ពថៃ នៅតែបន្តបើកការឈ្លានមកលើអធិប តេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្លាំងក្លា ដោយប្រើយុទ្ធោបករណ៍ ជាច្រើនប្រភេទមានកាំភ្លើងតូចធំ ដ្រូន យន្តហោះ នាវាជើងទឹកជាដើម បាញ់ផ្លោង និងទម្លាក់គ្រាប់លើដែនដីរបស់កម្ពុជា។
ដើម្បីបញ្ចប់វិនាសកម្ម ភាពសោកសៅ និងខ្លោចផ្សារមកលើប្រជាពលរដ្ឋខ្មែរ លោក សាន សាង បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យធ្វើសកម្មភាពបន្ទាន់ ដើម្បីបញ្ឈប់ទង្វើឈ្លានពានរបស់កងទ័ពថៃ៕














