ស្មារតីខ្មែរជួយខ្មែរ! រដ្ឋបាលក្រុងបាវិត និងរដ្ឋបាលក្រុងស្វាយរៀង នាំយកអំណោយសប្បុរសធម៌ជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ
24-12-2025 14:05
(ព្រះវិហារ)៖ ក្នុងស្មារតីសាមគ្គីភាព រួមសុខ រួមទុក្ខជាមួយគ្នា, លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅមណ្ឌលសុវត្ថិភាពវត្តពោធិសិលារាម (ហៅវត្តគីឡូលេខ៨) ក្នុងខេត្តព្រះវិហារ ដែលជាទីតាំងប្រមូលផ្ដុំបងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់ជួរមុខ។
ក្នុងឱកាសនោះ លោក លឹម សៀងហេង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងក្តីនឹករលឹក ពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក និងវីរកងទ័ពផងដែរ។
លោកបានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការគំរាមកំហែងលើបូរណភាពទឹកដី ស្មារតី 'ខ្មែរតែមួយ រួមគ្នាជួយខ្មែរ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងត្រូវរួបរួមសាមគ្គីគ្នា ក្នុងគ្រាលំបាកត្រូវមានទុក្ខរួមទុក្ខ មានសុខរួមសុខ ដើម្បីការពារសន្តិភាព និងទឹកដីរបស់យើង។
យោងតាមរបាយការណ៍បច្ចុប្បន្នភាព ប្រជាពលរដ្ឋដែលកំពុងជ្រកកោននៅមណ្ឌលសុវត្ថិភាពវត្តពោធិសិលារាម មានចំនួនសរុប ១,៣៨៨គ្រួសារ ស្រី២,៤៥៨នាក់ និងស្ត្រីមានផ្ទៃពោះ ៣៧នាក់ ដែលស្មើនឹងមនុស្សចំនួន ៤,៨៣៦នាក់។ ចំពោះសកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយជាសម្ភារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់វីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែន និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយពួកគាត់មិននៅឯកោនោះឡើយ៕
















