មូលនិធិសម្អាងការ ឌី សុនីត្តា ចុះចែកស្បៀង សម្ភារដល់ពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ, លោក គឹម ចាន់បញ្ញា៖ មកដល់ពេលនេះខេត្តព្រះវិហារ មានជនភៀសសឹកជាង១ម៉ឺនគ្រួសារ មនុស្សជាង៣ម៉ឺននាក់
24-12-2025 15:16
(ព្រះវិហារ)៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា មកដល់ថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត បានភៀសសឹកចាកចេញពីផ្ទះសំបែង មករស់នៅតាមទីតាំងសុវត្ថិភាពផ្សេងៗ និងផ្ទះបងប្អូន ក្នុងខេត្តព្រះវិហារ មានជាង ១០២០០គ្រួសារ និងមនុស្សសរុបជាង៣៥០០០នាក់។
ការថ្លែងរបស់លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប និងលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ចូលរួមក្នុងពិធីសំណេះសំណាល និងចែកស្បៀង សម្ភារប្រើប្រាស់ ដែលជាអំណោយរបស់ «មូលនិធិសម្អាងការ ឌី សុនីត្តា» ដល់ប្រជាពលរដ្ឋភៀស សឹកជាង១០០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ជាប់ព្រំដែនឡាវ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
លោក គឹម ចាន់បញ្ញា បានថ្លែងអំណរគុណ «មូលនិធិសម្អាងការ ឌី សុនីត្តា» ដែលបានដឹកនាំក្រុមការងារ ចុះចែកស្បៀង សម្ភារ ដល់ប្រជាពលរដ្ឋភៀសសឹកនាពេលនេះ។លោកថ្លែងបន្តថា៖ក្នុងកាលៈទេសៈនេះ អ្វីដែលយើងទាំងអស់គ្នាត្រូវគិតជាចម្បងនោះគឺស្បៀង សម្ភារៈ សម្រាប់យើងទាំងអស់គ្នាដោះស្រាយជីវភាពប្រចាំថ្ងៃ ប៉ុន្តែរឿងផ្លូវចិត្តដែលសំខាន់នោះគឺយើងមិនអាចបំភ្លេចបានពីវីរភាពដ៍ក្លាហានរបស់វីរកងទ័ពរបស់យើង ដែលកំពុងការពារបូរណៈភាពទឹកដី ហើយម្យាងទៀតយើងត្រូវតែចងចាំមិនអាចបំភ្លេចបានជាប្រវត្តិសាស្ត្រ គឺការឈ្លានពានយ៉ាងកម្រោលរបស់កងទ័ពថៃ មកលើបូរណៈភាពទឹកដីយើង។
លោក គឹម ចាន់បញ្ញា ថ្លែងផ្តាំផ្ញើជាពិសេសដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវផ្តាំតកូនតចៅថា «សៀមតែងតែចងចិត្តឈ្លានពានទឹកដីយើងជានិច្ច»។ដូច្នេះយើងគ្មានអ្វីក្រៅពីការរួមរួមគ្នា ខ្មែរតែមួយ រួបរួមគ្នាចិត្តតែមួយ ជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកងយោធពលខេមរៈភូមិន្ទ ពិសេសសូមឱ្យបងប្អូនយើងរួមគ្នាជាធ្លុងមួយ ទើបធ្វើឱ្យខ្មែរយើងខ្លាំង៕





























