ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ណែនាំឱ្យមានការផ្សព្វផ្សាយច្បាប់អន្តរជាតិ ពាក់ព័ន្ធបញ្ហាព្រំដែន ដើម្បីបញ្ជ្រាបចំណេះដឹង និងមនសិការការពារអធិបតេយ្យភាពជាតិ ដល់បញ្ញវន្តជំនាន់ក្រោយ

24-12-2025 15:55

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានឧត្តមសិក្សា រួមគ្នារៀបចំសិក្ខាសាលាសំខាន់ៗ ស្តីពីការការពារបេតិកភណ្ឌជាតិ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិក្ខាសាលាស្តីពីច្បាប់អន្តរជាតិ ពាក់ព័ន្ធបញ្ហាព្រំដែន ដើម្បីបញ្ជ្រាបចំណេះដឹង និងមនសិការការពារអធិបតេយ្យភាពជាតិដល់បញ្ញវន្តជំនាន់ក្រោយ ព្រមទាំងយកឱកាសនេះដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវបន្ថែម។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដូចនេះ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ នាឱកាសដឹកនាំកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការរដ្ឋ និងឯកជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

នៅក្នុងកិច្ចប្រជុំនេះលោកបណ្ឌិតសភាចារ្យ បានលើកឡើងពីស្ថានភាពព្រំដែន និងការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយដាក់ចេញ នូវផែនការសកម្មភាពយុទ្ធសាស្ត្រច្បាស់លាស់ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងភាពធន់របស់និស្សិតកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានណែនាំដល់គ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធ រៀបចំសិក្ខាសាលាសំខាន់ៗ ស្តីពីការការពារបេតិកភណ្ឌជាតិ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិក្ខាសាលា ស្តីពីច្បាប់អន្តរជាតិពាក់ព័ន្ធបញ្ហាព្រំដែន ដើម្បីបញ្ជ្រាបចំណេះដឹង និងមនសិការការពារអធិបតេយ្យភាពជាតិដល់បញ្ញវន្តជំនាន់ក្រោយ ព្រមទាំងយកឱកាសនេះដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវបន្ថែម។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តជំរុញការធ្វើកំណែទម្រង់ឧត្តមសិក្សា ឱ្យកាន់តែស៊ីជម្រៅដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន អ្នកស្រាវជ្រាវ និងការវិនិយោគលើវិស័យបច្ចេកវិទ្យា STEM និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆ្លើយតបនឹងការវិវត្តនៃយុគសម័យឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្ថែមថា ក្នុងក្របខណ្ឌនៃឧត្តមភាពអប់រំ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវភាពខ្លាំង និងជំនាញឯកទេស (Specialization) របស់ខ្លួន ដើម្បីផ្តោតការវិនិយោគឱ្យចំគោលដៅ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនឱ្យកាន់តែជិតស្និទ្ធ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាធិការ និងក្រុមការងារពាក់ព័ន្ធចំពោះរាល់មតិយោបល់ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ក្នុងកិច្ចប្រជុំនេះ ដោយជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តរួបរួមគ្នាជាធ្លុងមួយ ក្នុងការបំប្លែងយុទ្ធសាស្ត្រទាំងនេះឱ្យទៅជាសកម្មភាពជាក់ស្តែង ប្រកបដោយនវានុវត្តន៍ និងមនសិការវិជ្ជាជីវៈខ្ពស់។

ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តរាល់ផែនការសកម្មភាពដែលបានដាក់ចេញ ដើម្បីធានាថាប្រព័ន្ធឧត្តមសិក្សាកម្ពុជា គឺជាថ្នាលបណ្តុះធនធានមនុស្សដែលមានទាំងសមត្ថភាពបច្ចេកទេស និងឧត្តមគតិស្នេហាជាតិដ៏មាំមួន ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕