ស្មារតីតែមួយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចាត់ក្រុមការងារបន្តស្រាក់ដៃគ្នាដ៏រឹងមាំ នាំយកស្បៀងលើកទឹកចិត្តគាំទ្រកងទ័ព និងជនភៀសសឹក

24-12-2025 16:01

(ភ្នំពេញ)៖ ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ, ក្រុមយុវជនបូជាការពារយុត្តិធម៌ បាននិងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ, សម្តេចធិបតី, រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។

ជាក់ស្តែងនៅថ្ងៃទី២៤ ខែធ្នូនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចង្អុលបង្ហាញក្រុមយុវជនបូជាការពារយុត្តិធម៌ យកអំណោយស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួន ដើម្បីលើកទឹកចិត្តគាំទ្រកងទ័ព និងជនភៀសសឹក។

ចាប់តាំងពីមានការវាយប្រហារឈ្លានពាន សារជាថ្មីពីសំណាក់យោធាថៃ, អ្នកឧកញ៉ាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ នាំយកអំណោយ ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ។

ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះ ជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំ របស់ក្រុមយុវជន បានបង្ហាញឱ្យឃើញនូវកម្លាំងដ៏រឹងមាំ នៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាក ដោយសារការឈ្លានពានពីប្រទេសជិតខាង។ នៅពេលជាតិខ្មែររួបរួមគ្នា គ្មានអំណាចណាអាចបំបែកបាក់បាន សូម្បីតែកម្លាំងយោធា និងអាវុធ ក៏មិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយ។ នេះជាមូលហេតុដែលមហាសាមគ្គីជាតិ តែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស៕