Fresh Exclusive: តើពិភពលោកត្រូវរង់ចាំជនស៊ីវិលខ្មែរស្លាប់ប៉ុន្មានទៀត ទម្រាំឃើញភាពអយុត្តិធម៌របស់ថៃ? (Video inside)
24-12-2025 16:02
(ភ្នំពេញ)៖ ជីវិតពលរដ្ឋខ្មែរ កំពុងរងគ្រោះរៀងរាល់វិនាទី ពីអំពើឈ្លានពានរបស់ទាហានថៃ ដែលកាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពិភពលោក នៅមិនទាន់ចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីទប់ស្កាត់សកម្មភាពឈ្លានពានទាំងនេះឡើយ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយស្តីពីសំឡេងអំពាវនាវបន្ទាន់ពីប្រជាជនកម្ពុជា៖
នៅពេលដែលពិភពលោកនៅតែជជែកលើតុការទូត មិនទាន់អាចរកយុត្តិធម៌សម្រាប់កម្ពុជា សំឡេងកាំភ្លើងយន្ត សំឡេងគ្រាប់ផ្លោង និងសំឡេងគ្រាប់បែកទម្លាក់ពីយន្តហោះថៃ កាន់តែធ្លាក់ចូលមកជ្រៅលើទឹកដីរបស់កម្ពុជាគ្មានលោះពេលឡើយ។ ភាពស្ងៀមស្ងាត់របស់សហគមន៍អន្តរជាតិ នៅមុខសង្គ្រាមដែលកំពុងរីករាលដាលនេះ មិនត្រឹមតែជាការខកខាននៃការទូតប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាសម្លេងឈឺចាប់បំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលកំពុងរស់នៅក្រោមភាពភ័យខ្លាចរៀងរាល់វិនាទី។
នៅថ្ងៃនេះទៀតកម្លាំងយោធាថៃ បានបន្តការវាយប្រហារដ៏ធ្ងន់ធ្ងរ ដោយទម្លាក់គ្រាប់បែកចូលជ្រៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រមកលើទឹកដីកម្ពុជា នៅក្នុងសហគមន៍ពលរដ្ឋរស់នៅក្បែរភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង, ទម្លាក់មកលើតំបន់ប្រាសាទព្រះវិហារ នៃខេត្តព្រះវិហារ, ប្រើប្រាស់រថក្រោះ រថពាសដែកវាយសន្ធាប់ និងសម្រុកចូលក្នុងភូមិខ្មែរ នៅអូរបីជាន់ ស្រុកអូរជ្រៅ, បាញ់គ្រាប់ផ្លោងចូលក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ, វាយលុកចូលក្នុងតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ព្រមទាំងមកលើតំបន់ព្រំដែនជាច្រើនផ្សេងទៀតដោយមិនខ្លាចច្បាប់អន្តរជាតិឡើយ។ ជនស៊ីវិលខ្មែររងការស្លាប់ និងរបួសជាច្រើន ខណៈសហគមន៍អន្តរជាតិ នៅតែមិនទាន់បង្ហាញវិធានការជាក់ស្តែងណាមួយ ដើម្បីបញ្ឈប់ឈាមដែលកំពុងហូរ ដោយសារសង្គ្រាមឈ្លានពានបង្កដោយភាគីថៃនេះឡើយ។
* តើត្រូវរង់ចាំយុត្តិធម៌រហូតដល់ពេលណា ខណៈសង្គ្រាមមិនដែលឈប់សម្លាប់មនុស្សសោះ?
ជម្លោះកម្ពុជានិងថៃពេលនេះ មិនមែនជាជម្លោះធម្មតា ឬជម្លោះអរូបី ឬជាការប៉ះទង្គិចតាមពាក្យសម្តីនយោបាយនោះឡើយ។ វាជាសង្គ្រាមដែលបង្ហាញភស្តុតាងជាក់ស្តែងដោយជីវិតមនុស្សពិតៗ ដែលត្រូវបានបាត់បង់នៅក្រោមគ្រាប់កាំភ្លើង និងគ្រាប់បែករបស់កម្លាំងទាហានថៃឈ្លានពាន។ ភូមិជាច្រើនតាមបន្ទាត់ព្រំដែន បានក្លាយជាតំបន់គ្មានមនុស្សរស់នៅផ្ទះសម្បែង និងអគារសាធារណៈ បានរងការឆេះខ្ទេចខ្ទី ប្រជាពលរដ្ឋរងរបួសត្រូវបានដឹកយកទៅមន្ទីរពេទ្យក្នុងស្ថានភាពបន្ទាន់ ខណៈសាលារៀន ត្រូវបានបិទទ្វារទាំងស្រុង។
វត្តអារាម និងប្រាសាទបុរាណខ្មែរ ត្រូវបានវាយប្រហារដោយគ្រាប់បែក និងការបាញ់ផ្លោងបែកបាក់ខ្ទេចខ្ទីរួមទាំងប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌអន្តរជាតិ។ អំពើវាយប្រហារទាំងនេះ មិនត្រឹមតែបំពានលើអធិបតេយ្យភាព និងទឹកដីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបំពានយ៉ាងចំហលើច្បាប់អន្តរជាតិ និងមនុស្សធម៌ជាសកល។
តើពិភពលោក ត្រូវរង់ចាំឱ្យប្រាសាទបុរាណខ្មែរប៉ុន្មានទៀត ដើម្បីឱ្យទាហានថៃបំផ្លាញខូចខ្ទេចខ្ទាំ ទម្រាំឃើញខ្មែររងទុក្ខវេទនាដោយពិតប្រាកដ?
តើត្រូវឱ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ប៉ុន្មាននាក់ទៀត ទម្រាំពិភពលោកបើកភ្នែក ឃើញភាពអយុត្តិធម៌ ដែលភាគីថៃកំពុងបន្តបំពានលើកម្ពុជានៅពេលនេះ?
ភាពស្ងៀមស្ងាត់ នៅពេលឃើញឈាមកំពុងហូរ និងការបំផ្លាញវាមិនមែនជាភាពអព្យាក្រឹតទេ។ វាជាការពន្យារពេលនៃយុត្តិធម៌ ហើយការពន្យារពេលនោះហើយ កំពុងត្រូវបង់ថ្លៃដោយជីវិតមនុស្សស្លូតត្រង់របស់ប្រជាពលរដ្ឋខ្មែរ។ សូមឲ្យពិភពលោកឈប់ស្ងៀមស្ងាត់ចំពោះទុក្ខលំបាករបស់កម្ពុជា ព្រោះភាពស្ងៀមស្ងាត់នេះ កំពុងតែអនុញ្ញាតឲ្យអំពើអយុត្តិធម៌បន្តលើប្រជារាស្រ្តខ្មែរពីសំណាក់ចោរសៀម !
* ប្រាសាទព្រះវិហារ៖ បេតិកភណ្ឌមនុស្សជាតិ កំពុងត្រូវវាយប្រហារ
ការទម្លាក់គ្រាប់បែកមកលើប្រាសាទព្រះវិហារ មិនមែនជាការបំផ្លាញសម្បត្តិរបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាការវាយប្រហារដោយផ្ទាល់លើបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល។ នៅពេលដែលសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានគ្រាប់បែកវាយប្រហារខណៈពិភពលោកនៅតែធ្វើខ្វាក់ គនិងថ្លង់ សំណួររបស់ប្រជាជនខ្មែរទៅកាន់សហគមន៍អន្តរជាតិ ក្នុងពេលនេះគឺ៖ តើតម្លៃនៃវប្បធម៌ និងជីវិតមនុស្ស ត្រូវការភស្តុតាងប៉ុន្មានទៀត ទម្រាំពិភពលោកសម្រេចចិត្តអនុវត្តច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់អំពើឈ្លានពានរបស់ថៃ?
បើច្បាប់អន្តរជាតិ មានតម្លៃរបស់វាដោយពិតប្រាកដ វាគួរត្រូវបានអនុវត្តឥឡូវនេះ និងពេលនេះ, វាមិនមែនបន្ទាប់ពីបេតិកភណ្ឌត្រូវបានបំផ្លាញ និងជីវិតមនុស្សត្រូវបង់ថ្លៃបន្ថែមទៀតនោះឡើយ។
ការទម្លាក់គ្រាប់បែកនៅក្បែរភ្នំសំពៅ ស្រុកបាណន់ ដែលចូលជ្រៅមកលើទឹកដីកម្ពុជា, ការបន្តបាញ់ផ្លោងដាក់មកលើតំបន់សហគមន៍ ក្នុងក្រុងប៉ោយប៉ែត, និងការវាយសម្រុករបស់កម្លាំងយោធាថៃ ដើម្បីប៉ុនប៉ងកាន់កាប់តំបន់អូរស្មាច់ កំពុងបង្ហាញយ៉ាងច្បាស់ថា អំពើឈ្លានពានរបស់ថៃ មិននៅត្រឹមបន្ទាត់ព្រំដែនទៀតឡើយ។ សង្គ្រាម បានលាតសន្ធឹងចូលជ្រៅទៅក្នុងសហគមន៍ដែលមានប្រជាពលរដ្ឋរស់នៅកកកុញ លុកលុយចូលទៅក្នុងផ្ទះសម្បែង បំផ្លាញជីវភាពប្រចាំថ្ងៃ និងថែមទាំងសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ ដែលគ្មានអាវុធ ដោយគ្មានការគោរពច្បាប់អន្តរជាតិ ឬគោលការណ៍មនុស្សធម៌ឡើយ។
សំណួរដែលប្រជាជនកម្ពុជា កំពុងសួរទៅកាន់ពិភពលោកដោយក្តីឈឺចាប់គឺ៖ តើពិភពលោកត្រូវរង់ចាំឱ្យសហគមន៍ខ្មែរ ប៉ុន្មានទៀតត្រូវបំផ្លាញដល់ថ្នាក់ខ្ទេចខ្ទី និងតើត្រូវឱ្យជីវិតពលរដ្ឋស្លូតត្រង់បាត់បង់ប៉ុន្មាននាក់ទៀត ទម្រាំពិភពលោកទទួលស្គាល់ភាពអយុត្តិធម៌ និងអំពើឈ្លានពាន ដែលកម្លាំងយោធាថៃ កំពុងបន្តប្រព្រឹត្តលើកម្ពុជានៅពេលនេះ?
* សំឡេងអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ
កម្ពុជា មិនប្រាថ្នាសុំឱ្យជួយសងសឹកឡើយ។ កម្ពុជា មិនសុំឱ្យសង្គ្រាមកើនឡើងទៀតទេ។ អ្វីដែលកម្ពុជាសុំគឺ «សន្តិភាពពិតប្រាកដ» សន្តិភាពដែលមានសកម្មភាពគាំទ្រភាគីដែលគោរពច្បាប់អន្តរជាតិ និងការពារប្រជាពលរដ្ឋស្លូតត្រង់។
កម្ពុជាអំពាវនាវសាជាថ្មីទៅកាន់៖
- សហគមន៍អន្តរជាតិ
- អង្គការសហប្រជាជាតិ
- ប្រទេសមហាអំណាច និងដៃគូអាស៊ាន
សូមប្រើសម្ពាធពិតប្រាកដ ដើម្បីបញ្ឈប់អំពើឈ្លានពាន បញ្ឈប់ការទម្លាក់គ្រាប់បែកលើជនស៊ីវិល និងសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធានាបទឈប់បាញ់ ដែលអាចអនុវត្តបានជាក់ស្តែង។
សន្និដ្ឋាន៖ កម្ពុជា ជាប្រទេសតូច ប៉ុន្តែជីវិតប្រជាជនកម្ពុជា មិនតូចឡើយ។ បេតិកភណ្ឌវប្បធម៌ខ្មែរ មិនអាចជំនួសបាន និងកាន់តែមិនគួរត្រូវបំផ្លាញក្រោមភ្លើងសង្គ្រាមមួយ ដែលត្រូវបានញុះញង់ដោយការបកស្រាយប្រវត្តិសាស្ត្រខុសពីការពិត និងមានបំណងលោភលន់ចង់យកទឹកដីរបស់ខ្មែរ។ វាជាវិវាទមួយ ដែលពិភពលោកគួរតែដោះស្រាយដោយច្បាប់អន្តរជាតិ មិនមែនដោយកម្លាំងអាវុធនោះឡើយ។
ពេលនេះ ប្រសិនបើពិភពលោកនៅតែបន្តស្ទាក់ស្ទើរ និងចេះតែនៅរង់ចាំដោយភាពស្ងៀមស្ងាត់របស់ខ្លួន សង្គ្រាមឈ្លានពាន ដែលបង្កដោយកម្លាំងយោធាថៃ នឹងបន្តយកជីវិតពលរដ្ឋខ្មែរស្លូតត្រង់ជារៀងរាល់ថ្ងៃមិនអាចគេចផុតបានឡើយ។
សហគមន៍អន្តរជាតិ សូមបើកបេះដូង និងចូលរួមសកម្មភាពជាក់ស្តែង ដើម្បីជួយការពារប្រជាជនកម្ពុជា មុនពេលយុត្តិធម៌មកដល់យឺតពេល, ពេលដែលជីវិតបានបាត់បង់ និងបេតិកភណ្ឌបានខ្ទេចខ្ទាំអស់ទៅហើយ។ សន្តិភាព មិនអាចរង់ចាំយូរបានទៀតទេពេលវេលាសម្រាប់ធ្វើសកម្មភាពគឺពេលឥឡូវនេះ៕

























