មន្ត្រីជលផល៖ ត្រីប្រហុកចាប់ផ្តើមត្រូវខ្លាំង សូមប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក សូមអញ្ជើញមកទីតាំងដាយត្រី ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ (Video inside)
24-12-2025 16:35
(ភ្នំពេញ)៖ មន្ត្រីរដ្ឋបាលជលផលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះថា នៅថ្ងៃនេះត្រីប្រហុកចាប់ផ្តើមត្រូវខ្លាំងហើយ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី នៅទីតាំងដាយត្រី ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។
រដ្ឋបាលជលផលបានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ឱ្យដឹងថា ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើ នេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៦កើត ដល់ថ្ងៃពុធ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង៕
សម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលានិងទីកន្លែង ដូចមានក្នុងសេចក្តីជូនដំណឹងនេះ។
ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយសម្រួលជូន ដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ៕









