អភិបាលខេត្តស្ទឹងត្រែង៖ កម្លាំងមហាជនកម្ពុជា បានក្លាយជាកម្លាំងដ៏មុតស្រួចជួយដល់វីរកងទ័ព វីរនគរបាល និងរាជរដ្ឋាភិបាល ប្រឆាំងនឹងយោធាថៃឈ្លានពាន
24-12-2025 17:04
(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានចាត់ទុកកម្លាំងរបស់មហាជនកម្ពុជា ក្លាយជាកម្លាំងដ៏មុតស្រួចពិតប្រាកដ ជួយដល់វីរកងទ័ព និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រយុទ្ធតទល់ជាមួយនឹងសត្រូវឈ្លានពានសៀម ទាំងផ្នែកការទូត និងកម្លាំងប្រដាប់អាវុធ។
ការលើកឡើងរបស់លោក សរ សុពុត្រា ក្នុងព្រឹត្តការណ៍សមាធិចម្រើនឈាន ដើម្បីសន្តិភាព និងសុខដុមរមនាកម្ពុជា បានធ្វើឡើងនៅលើទីលាននាគជ័យ នៅមុខសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី២២ធ្នូ២០២៥ ដោយមានការចូលរួមពីលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងទាំង៣ និងកម្លាំងមហាជននៅក្នុងខេត្តស្ទឹងត្រែង ជាង ៥ពាន់នាក់។
លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា សេចក្តីល្អដែលកើតចេញពីការចម្រើនភាវនានេះ សូមឱ្យក្លាយជាកុសល ទៅជួយរំដោះ និងការពារដល់វីរៈជន យុវជនរបស់យើងនៅសមរភូមិមុខ ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់របស់យើង ដែលបានភៀសសឹក ដោយសារការឈ្លានពានរបស់សៀម។
អភិបាលខេត្តស្ទឹងត្រែង បានបន្តថា៖ «អីចឹងសូមឱ្យការលះបង់របស់យើងថ្ងៃនេះ ដូចជាការលះបង់របស់យុទ្ធជននៅសមរភូមិ យើងក៏បែកញើស គាត់មិនត្រឹមបែកញើសទេ គាត់បង្ហូរទាំងឈាម ហើយសូមឱ្យទាំងអស់គ្នា ក្រោមស្មារតីប្រយុទ្ធដ៏អង់អាចក្លាហានរបស់ រាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង អ៊ឹចឹងសូមឱ្យខ្មែររួបរួមគ្នា ខ្មែររួបរួមខ្មែរខ្លាំង ខ្មែររួបរួមខ្មែរឈ្នះ មានតែការរួបរួមសាមគ្គីគ្នាតែមួយប៉ុណ្ណោះ ដែលអាចនាំយើងសម្រេចគោលដៅ គឺការការពារយ៉ាងគត់មត់ នៅទំហំផ្ទៃដីដែលបានបន្សល់ទុកពីបុព្វបុរសរបស់យើង»។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន តំណាងឱ្យថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សជាង៥ពាន់នាក់ ដែលបានចូលរួម «សមាធិចម្រើនឈាន ដើម្បីសន្តិភាព និងសុខដុមរមនាកម្ពុជា» បានសំដែងការគាំទ្រ និងបានចាត់ទុកថាការជួបជុំគ្នានាថ្ងៃនោះ គឺបង្ហាញពីស្មារតី នៃកម្លាំងជាតិខ្មែរតែ១ ដែលបានត្រៀមលក្ខណៈប្រគៀកស្នាគ្នា ជាមួយរាជរដ្ឋាភិបាល និងមានជំនឿជឿជាក់ដល់វីរកងទ័ព និងវរនគរបាលប្រែក្លាយការឈឺចាប់ ទៅជាកម្លាំងសាមគ្គី ប្រយុទ្ធជាមួយពួកចោរសៀមឈ្លានពានទឹកដីកម្ពុជា៕


















