យោធាថៃបង្កើនការវាយប្រហារបង្កការស្លាប់ និងរបួសខណៈការឆ្លើយតបពីអន្តរជាតិនៅមិនទាន់មាន

24-12-2025 17:35

(ភ្នំពេញ)៖ ទាហានថៃ បានបង្កើនការវាយប្រហាររបស់ខ្លួនលើទឹកដីកម្ពុជា ដោយបង្កការសម្លាប់ និងធ្វើឱ្យរបួសដល់ជនស៊ីវិល និងបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងប្រាសាទបុរាណ ខណៈដែលសហគមន៍អន្តរជាតិមិនទាន់ចាត់វិធានការជាក់ស្តែងដើម្បីបញ្ឈប់អំពើហិង្សានៅឡើយទេ។

Fresh Exclusive បានរាយការណ៍ថា នៅថ្ងៃពុធ២៤ធ្នូ ២០២៥ កងកម្លាំងថៃបានធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង និងធ្វើការវាយប្រហារលើដីគោក នៅតាមទីតាំងជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះរួមទាំងសហគមន៍ជនស៊ីវិលនៅជិតភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង តំបន់ជុំវិញប្រាសាទព្រះវិហារ និងទីប្រជុំជនព្រំដែន នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងតាមតំបន់ផ្សេងៗជាច្រើនទៀត។

Fresh Exclusive បានរាយការណ៍ទៀតថា បណ្តាភូមិជាច្រើននៅតាមបណ្តោយព្រំដែនត្រូវបានក្លាយជាភូមិគ្មានមនុស្សនៅ, ផ្ទះសម្បែង និងអគារសាធារណៈ បានរងការឆេះនិងបែកបាក់ដោយសារគ្រាប់ផ្លោងនិងគ្រាប់ទម្លាក់។ អ្នករងរបួសជាច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ក្រោមលក្ខខណ្ឌសង្គ្រោះបន្ទាន់ ហើយសាលារៀនជាច្រើនតាមខេត្តជាប់ព្រំដែនថៃត្រូវបានបង្ខំឱ្យបិទទាំងស្រុង ដោយសារតែការគំរាមកំហែងសន្តិសុខ។

វត្តអារាម និងប្រាសាទបុរាណខ្មែរ ក៏ត្រូវបានខូចខាតផងដែរនៅក្នុងការវាយប្រហារប៉ុន្មាន ថ្ងៃមកនេះ ក្នុងនោះរួមទាំងប្រាសាទតាក្របី និងប្រាសាទតាមាន់ ដែលរងការទម្លាក់គ្រាប់បែកខូចខ្ទេចខ្ទី។ អ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺ ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌវប្បធម៌អន្តរជាតិដែលបានចុះបញ្ជីក្នុងអង្គការយូណេស្កូ បានរងការវាយប្រហារពីទម្លាក់គ្រាប់ និងគ្រាប់ផ្លោង ដែលបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងពីអំពើរំលោភច្បាប់ការពារមនុស្សធម៌ និងវប្បធម៌អន្តរជាតិ។

អ្នកសង្កេតការណ៍បានកត់សម្គាល់ថា ការវាយប្រហារឡើងវិញនេះលើសពីការប៉ះទង្គិចគ្នាតាមព្រំដែន ដោយកងកម្លាំងថៃ បានរុលចូលទៅក្នុងតំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅ និងបានបាញ់ផ្លោងចូលក្នុងក្រុងប៉ោយប៉ែត ទម្លាក់គ្រាប់បែកនៅក្បែរភ្នំសំពៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ចូលជ្រៅក្នុងទឹកដីកម្ពុជា និងទាហានថៃ បានព្យាយាមដណ្តើមយកទីតាំងយុទ្ធសាស្ត្រលើទឹកដីកម្ពុជារួមទាំងតំបន់អូរស្មាច់ជាដើម។ កងទ័ពកម្ពុជា បានប្រើប្រាស់សិទ្ធិស្វ័យការពារក្នុងការរារាំងសត្រូវចូលឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជា។

ការវាយប្រហារនៅថ្ងៃ២៤ធ្នូ បានធ្វើឡើងក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅមិនអាចធ្វើឱ្យថៃ បោះបង់ចោលការធ្វើសង្គ្រាមឈ្លានពានកម្ពុជា។ ការទម្លាក់គ្រាប់បែកតាមអាកាស ការបាញ់ផ្លោងកាំភ្លើងធំ រថក្រោះនិងរថពាសដែក នៅថ្ងៃពុធទី២៤ធ្នូ បានបង្កការស្លាប់ និងរបួសរបស់ជនស៊ីវិលជាច្រើន ខណៈពលរដ្ឋច្រើនពាន់គ្រួសារផ្សេងទៀតត្រូវបានបង្ខំឱ្យរត់គេចខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីគេចចេញពីទីកន្លែងអសន្តិសុខ។

ទោះបីជាមានការស្លាប់របស់ជនស៊ីវិល និងការបំផ្លាញបេតិកភណ្ឌវប្បធម៌កើនឡើងក៏ដោយ សហគមន៍អន្តរជាតិមិនទាន់បានប្រកាសពីវិធានការសម្រេចចិត្តដើម្បីបញ្ឈប់អំពើហិង្សានេះនៅឡើយទេ។ នេះបើយោងតាមរបាយការណ៍របស់ Fresh Exclusive។

អ្នកវិភាគដែលត្រូវបានសម្ភាសន៍ដោយ Fresh Exclusive បានព្រមានថា ការបន្តនៅស្ងៀមប្រឈមនឹងការកើនឡើងបន្ថែមទៀត និងគ្រោះមហន្តរាយមនុស្សធម៌ ដោយសង្កត់ធ្ងន់ថា ការវាយប្រហារលើជនស៊ីវិល និងតំបន់បេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ប្រទេសកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនស្វែងរកការសងសឹក ឬជម្លោះកាន់តែទូលំទូលាយនោះទេ ប៉ុន្តែអំពាវនាវឱ្យមានសម្ពាធអន្តរជាតិជាបន្ទាន់ បទឈប់បាញ់ដែលអាចអនុវត្តបាន និងការការពារជនស៊ីវិល និងបេតិកភណ្ឌវប្បធម៌។ ខណៈពេលដែលការប្រយុទ្ធគ្នានៅតែបន្ត សំណួរកំពុងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជាអំពីក្តីបារម្ភអំពីចំនួនជីវិតជនស៊ីវិល ដែលអាចនឹងត្រូវបាត់បង់បន្ថែមទៀត ទម្រាំពិភពលោកទម្លាក់ «យុត្តិធម៌» មកឱ្យកម្ពុជា៕