អភិបាលខេត្តព្រៃវែង នាំអំណោយឧបនាយករដ្ឋមន្ត្រី ស សុខា និងសប្បុរសជន ជូនដល់វីរៈកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹក២,០០០គ្រួសារ នៅទិសខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

24-12-2025 19:08

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យ ថ្នាំពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា រួមជាមួយអំណោយរបស់រដ្ឋបាលខេត្ត និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ តាមរយៈមូលនិធិ រដ្ឋបាលខេត្ត ជូនដល់វីរៈកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹកចំនួន២,០០០គ្រួសារ នៅទិសខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងតាមរយៈ លោកអភិបាលខេត្តទាំងពីរ។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ លោកអភិសន្តិបណ្ឌិត និងលោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ក្រុមហ៊ុន គ្រឹះស្ថាន ស្ថាប័នឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង និងសប្បុរសជននានា ពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានផ្ទាល់ខ្លួន តាមរយៈមូលនិធិរដ្ឋបាលខេត្ត មកឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារជនភៀសសឹក ដែលកំពុងស្នាក់នៅ តាមមណ្ឌលសុវត្ថិភាពផងដែរ៕