ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំភ្នាក់ងារសន្ដិសុខឯកជន បង្កើនកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមចំណែកការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងបង្ការបទល្មើស
24-12-2025 20:03
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្ដរួមចំណែកការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។
ក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៨១ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា នៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន។
បើតាមលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី, ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបន្ដរួមគ្នាចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដោយត្រូវធ្វើជាពលរដ្ឋល្អ មហាជនល្អ និងជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ហើយផ្ដល់កិច្ចសហការឲ្យបានល្អឆ្លើយតបទាន់ពេលវេលា។
លោកក៏បានណែនាំភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិ ជាភ្នាក់ងារសន្តិសុខឯកជន ពោលត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានស្នើនាយកដ្ឋានបន្តយកចិត្តទុកដាក់ និងជំរុញញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ជាបន្តបន្ទាប់ទៀត។ ដោយឡែក ភ្នាក់ងារសន្ដិសុខឯកជន ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។ នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា ត្រូវបន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលសិក្ខាកាមចំនួន១៥១នាក់ (ស្រី២នាក់) ក្នុងនោះ ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន៩០នាក់ (ស្រី១នាក់) មកពី៧៥ក្រុមហ៊ុន និងភ្នាក់ងារសន្តិសុខឯកជនមិនបម្រើសេវាកម្ម ចំនួន៦១នាក់ (ស្រី១នាក់) មកពី២៧សហគ្រាសគ្រឹះស្ថាន។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា បច្ចុប្បន្ននេះការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនសរុប៨១លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១៣,៥៣៧នាក់ (ស្រី៣១៧នាក់) និងសិក្ខាកាម ជានគរបាលជាតិ ចំនួន ៣១៣នាក់ (ស្រី៣៥នាក់)។
កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពល់រដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ឲ្យបានល្អប្រសើរ៕












