សហភាពអឺរ៉ុប បារាំង និងអាល្លឺម៉ង់ ថ្កោលទោសការហាមឃាត់ទិដ្ឋាការរបស់អាមេរិក លើមន្ត្រីប្រឆាំងព័ត៌មានមិនពិតរបស់ខ្លួន (Video inside)
24-12-2025 20:10
(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) បារាំង និងអាល្លឺម៉ង់ នៅថ្ងៃពុធនេះ បានថ្កោលទោសចំពោះការហាមឃាត់ទិដ្ឋាការរបស់សហរដ្ឋអាមេរិកលើពលរដ្ឋអឺរ៉ុប ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមតាមអនឡាញ និងព័ត៌មានមិនពិត។ ទីក្រុងព្រុចសែលបានព្រមានថា ខ្លួនអាច «ឆ្លើយតបយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់» ចំពោះ «វិធានការដែលគ្មានមូលដ្ឋានត្រឹមត្រូវ» ទាំងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានដាក់បម្រាមទិដ្ឋាការលើពលរដ្ឋអឺរ៉ុបចំនួន ៥រូប រួមទាំងអតីតស្នងការ EU ជនជាតិបារាំង លោក Thierry Breton ផងដែរ។ អាមេរិកបានចោទប្រកាន់ពួកគេថា «រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ» ឬកំណត់គោលដៅមិនយុត្តិធម៌លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក តាមរយៈបទប្បញ្ញត្តិដ៏តឹងរ៉ឹង។
ជម្លោះនេះកាន់តែរីកធំឡើង បន្ទាប់ពី EU បានពិន័យក្រុមហ៊ុន X (អតីត Twitter) របស់លោក Elon Musk ចំនួន ១២០លានអឺរ៉ូកាលពីដើមខែនេះ ក្រោមច្បាប់សេវាកម្មឌីជីថល (DSA) ដែលតាក់តែងឡើងដោយលោក Breton។
ក្រៅពីលោក Breton អ្នកដែលជាប់បម្រាមផ្សេងទៀតរួមមាន លោក Imran Ahmed នាយកប្រតិបត្តិអង្គការប្រឆាំងការស្អប់ខ្ពើមតាមប្រព័ន្ធឌីជីថល (CCDH) និងសកម្មជនមកពីអង្គការ HateAid និង GDI ផងដែរ។ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានថ្លែងថា ខ្លួន «ថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អាមេរិក» ដោយបន្ថែមថា «សេរីភាពនៃការបញ្ចេញមតិ គឺជាសិទ្ធិមូលដ្ឋាននៅអឺរ៉ុប និងជាតម្លៃស្នូលរួមជាមួយសហរដ្ឋអាមេរិកទូទាំងពិភពលោកប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា ការដាក់បម្រាមទិដ្ឋាការនេះ ទំនងជានឹងធ្វើឱ្យការខ្វែងគំនិតគ្នាដែលកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងរដ្ឋធានីអឺរ៉ុបមួយចំនួន កាន់តែធ្ងន់ធ្ងរឡើង ជុំវិញបញ្ហាដូចជាសេរីភាពនៃការបញ្ចេញមតិ ការការពារជាតិ អន្តោប្រវេសន៍ នយោបាយស្តាំនិយមខ្លាំង ពាណិជ្ជកម្ម និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៕




