អភិបាលខេត្តព្រះវិហារ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនពលរដ្ឋភៀសសឹកកំពុងស្នាក់នៅតាមសហគមន៍ក្នុងក្រុងព្រះវិហារ

24-12-2025 20:55

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី រួមមានគ្រឿងឧបភោគបរិភោគ គ្រឿងទេស សម្ភារប្រើប្រាស់ និងសម្ភារផ្ទះបាយ ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្ន តាមសហគមន៍ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងឱកាសនេះដែរ លោក គីម រិទ្ធី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ។

ទន្ទឹមគ្នានេះ លោកប្រាប់ប្រជាពលរដ្ឋភៀសសឹក ពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចំពោះបងប្អូនភៀសសឹកទាំងអស់ ពិសេសសម្តេចបានណែនាំអាជ្ញាធររៀបចំកន្លែងស្នាក់របស់ពលរដ្ឋឱ្យបានសមរម្យ ក៏ដូចជាពលរដ្ឋភៀសសឹកនៅតាមសហគមន៍ ដោយឧបត្ថម្ភស្បៀងអាហារផ្សេងៗ សម្ភារះប្រើប្រាស់ចាំបាច់នានា ក៏ដូចជាមើលថែសុខភាពឱ្យបានល្អផងដែរ។

ជាមួយគ្នានេះដែរ លោក គីម រិទ្ធី បានថ្លែងណែនាំដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតាមសហគមន៍ សូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ កន្លែងស្នាក់នៅ និងគោរពច្បាប់នានា ស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ ដើម្បីឱ្យមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ៕