ក្មេងទំនើងមួយក្រុមមានគ្នា៨នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យ

24-12-2025 21:27

(កំពង់ស្ពឺ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន៨នាក់ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្កការភ័យខ្លាចដល់អ្នកជុំវិញ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម នៅចំណុចភូមិរង្វង់មូលផ្លែស្ពឺ ភូមិផ្សារចាស់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការណែនាំផ្ទាល់ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយ ផ្ទាល់យ៉ាងយកចិត្តទុកដាក់និងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និងសន្តិសុខសង្គម ហើយក៏ត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមាន ជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

ករណីនេះ បានកើតឡើងកាលពី វេលាម៉ោង០៣:១០នាទី នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ ក្មេងទំនើទាំង៨នាក់រួមមាន៖ ១. ឈ្មោះ ស៊ីម ស៊ីង ភេទប្រុស អាយុ២២ឆ្នាំ, ២. ឈ្មោះ ប៊ូ លីហុង ភេទប្រុស អាយុ ២០ឆ្នាំ, ៣. ឈ្មោះ ស៊ឺន សារីម ភេទប្រុស អាយុ១៧, ៤.ឈ្មោះ ទៀង សុផល ភេទប្រុស អាយុ២០ឆ្នាំ ,៥. ឈ្មោះ ឆន រ៉ាយន់ ភេទប្រុស អាយុ១៩ឆ្នាំ, ៦.ឈ្មោះ រ៉ង់ រតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ, ៧.ឈ្មោះ ខា លីហុង ភេទ ប្រុស អាយុ១៨ឆ្នាំ និង ៨.ឈ្មោះ ឡូង សុភា ភេទប្រុស អាយុ ១៦ឆ្នាំ។

វត្ថុតាងចាប់បានរួមមាន ម៉ូតូចំនួន០៤គ្រឿង(ម៉ូតូម៉ាក SUZUKI NEX 025ពណ៌ក្រហម អត់ស្លាក់លេខ,ម៉ូតូម៉ាក SUZUKI NEX 024ពណ៍ស ស្លាកលេខ ភ្នំពេញ 1KA-7642,ម៉ូតូម៉ាក CROSSOVER 022ពណ៍ខៀវ ស្លាកលេខភ្នំពេញ1KT-2730និងម៉ូតូម៉ាក HONDA DREAM 025ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ 1LH-9922)។

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម។ ចំណែកម៉ូតូ ០៤គ្រឿងត្រូវបានដកហូត យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត។

លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏សូម្ហង អំពាវនាវឱ្យមានការសហការពីប្រជាពលរដ្ឋក្នុងការរាយការណ៍ព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមក្មេងទំនើង ដើម្បីឱ្យការអនុវត្តភូមិឃុំមានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាព៕