ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះផ្សព្វផ្សាយឱ្យបញ្ឈប់ការសម្រាលកូនដោយឆ្មបបុរាណ ខណៈការសម្រាលកូនដោយឆ្មបបុរាណក្នុងស្រុកឆែប មានចំនួនច្រើនគួរឱ្យកត់សម្គាល់

24-12-2025 21:43

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងសហការី នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងស្ត្រីមានផ្ទៃពោះ ឱ្យបញ្ឈប់ការសម្រាលកូនដោយឆ្មបបុរាណ ខណៈការសម្រាលកូនដោយឆ្មបបុរាណ នៅភូមិណារ៉ុង និងភូមិប្រា ស្រុកឆែប មានចំនួនច្រើនគួរឱ្យកត់សម្គាល់។

យោងតាមរបាយការណ៍របស់មណ្ឌលសុខភាពឆែប បានបង្ហាញថា៖«មានការសម្រាលកូនដោយឆ្មបបុរាណ នៅភូមិណារ៉ុង និងភូមិប្រា ឃុំឆែបពីរ ស្រុកឆែប មានចំនួនច្រើន ដែលជាហានិភ័យខ្ពស់ចំពោះស្ត្រីមានពោះ»។

ដោយមើលឃើញពីបញ្ហានេះ លោកវេជ្ជបណ្ឌិត គួង ឡូ និងសហការី បានចុះជួបជាមូយអាជ្ញាធរ ភូមិ ឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងឆ្មបបុរាណ នៅភូមិណារ៉ុង និងភូមិប្រា ដើម្បីផ្សព្វផ្សាយការបញ្ឈប់ការសម្រាលកូនដោយឆ្មបបុរាណតទៅទៀត។

ក្រោយការចុះផ្សព្វផ្សាយឆ្មបបុរាណទាំងអស់បាន យល់ព្រមមិនសម្រាលកូនដោយខ្លួនឯងទៀតទេ។
ក្នុងឱកាសនោះដែរ មន្ទីរសុខាភិបាលខេត្តបានដាក់ចេញនៅយន្តការមួយចំនួនរួមមាន៖

*.ពេលមានករណីស្រ្តីជិតសម្រាលកូន ឆ្មបបុរាណ នឹងបញ្ជូនស្ត្រីទៅកាន់មណ្ឌលសុខភាព ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងមណ្ឌលសុខភាពផងដែរ ឃុំនឹងផ្តល់ថវិកាលើកទឹកចិត្តដល់ឆ្មបបុរាណក្នុងការបញ្ជូន១លើក ២០ ០០០រៀល និងមណ្ឌលសុខភាពផ្តល់ជូន ១០ ០០០រៀល។

*ពេលបញ្ជូនម្តងៗ ឆ្មបបុរាណ ឬអាជ្ញាធរ ភូមិ ឃុំ អាចទាក់ទងទៅកាន់មណ្ឌលសុខភាពឆែប សុំរថយន្តសង្គ្រោះ

*.ឃុំត្រួវរៀបចំត្រៀមមធ្យោបាយបញ្ជូននៅក្នុងភូមិជាប្រចាំ ការពារក្នុងករណីរថយន្តសង្គ្រោះរបស់មណ្ឌលសុខជាប់រវល់ ឬបញ្ជូនជំងឺទៅកាន់មន្ទីរពេទ្យខេត្តជាដើម៕