បណ្ឌិត ហ៊ឺ វីរៈ នាំយកអំណោយចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ៧៧គ្រួសារ ដែលមកស្នាក់អាស្រ័យនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
24-12-2025 21:44
(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹក ដែលមកស្នាក់អាស្រ័យនៅឃុំតាជេសចំនួន ១៤គ្រួសារ ឃុំឈូកសចំនួន ៣៧គ្រួសារ ឃុំច្រេសចំនួន ១១គ្រួសារ និងឃុំពានីចំនួន ១៥គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការជួបសំណេះសំណាលនេះ ក៏មានការចូលរួមពីលោក អុិត បូព៌ារដ្ឋាដេត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច លោកអភិបាលរងស្រុក រដ្ឋបាលស្រុក និងរដ្ឋបាលឃុំតាជេស ឃុំឈូកស ឃុំច្រេស និងឃុំពានីផងដែរ។
ជាមួយគ្នានោះលោកបណ្ឌិត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខវីរកងទ័ព និងបងប្អូនជនភៀសសឹក អំពីការហូបចុក កន្លែងស្នាក់នៅ សុខភាព និងអនាម័យ។
ក្នុងនោះដែរលោកបណ្ឌិត ក៏បាននាំយកគឿងឧបភោគបរិភោគ ចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ៣ដប ទឹកស៊ីអុីវ ៣ដប និងថវិកាមួយចំនួនផងដែរ៕


















