ក្រសួងកសិកម្ម ប្រកាសចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា
24-12-2025 22:28
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសង្គ្រាមឈ្លានពានវាយប្រហាររបស់ថៃមកលើអធិបតេយ្យ នៃ ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ជាច្រើនក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង ដែលបណ្តាលឱ្យប្រជាពលរដ្ឋ ជាជនស៊ីវិលស្លូតត្រង់ស្លាប់និងរបួសមួយចំនួន ហើយមួយចំនួនធំត្រូវភៀសសឹកចេញពីផ្ទះសម្បែងមិនអាចរស់នៅនិង ប្រកបរបរចិញ្ចឹមជីវិតបាន។
ការឈ្លានពានរបស់ថៃនេះថែមទាំងបំផ្លិចបំផ្លាញប្រាសាទបុរាណ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិរបស់ប្រជាជនស្លូតត្រង់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ សង្គ្រាមឈ្លានពានរបស់ថៃនេះ គឺជាឧក្រិដ្ឋកម្មនិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យនិងបូរណភាព ទឹកដីរបស់កម្ពុជា និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ក៏ដូចជារំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទឈប់បាញ់ និង សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗកន្លងទៅនេះ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
យើងខ្ញុំសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានមកលើជនស៊ីវិល និងអធិបតេយ្យភាពរបស់កម្ពុជា និងទាមទារឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ហើយភាគីថៃត្រូវបញ្ឈប់រាល់អរិភាពជាបន្ទាន់និងងាកមកគោរពសេចក្តីថ្លែងការណ៍រួមកិច្ចព្រមព្រៀងសន្តិភាព និង កាតព្វកិច្ចអន្តរជាតិទាំងឡាយ ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាសម្រាប់ តំបន់ទាំងមូល។
យើងខ្ញុំសូមប្តេជ្ញាបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្តប្រកបដោយភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែននិងការការពារប្រជាពលរដ្ឋ ព្រមទាំងអធិបតេយ្យភាពរបស់កម្ពុជា៕





