រដ្ឋមន្ត្រី ហួត ហាក់៖ ការលើកលែងទិដ្ឋាការពលរដ្ឋចិន ៤ខែគឺជាលទ្ធផលប្រវត្តិសាស្ត្រ ជាពិសេសក្នុងក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា–ចិន ២០២៥–២០២៦»
25-12-2025 07:59
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ ដើម្បីបន្តកិច្ចពិភាក្សាលើយន្តការ និង នីតិវិធីក្នុងការអនុវត្តសាកល្បងនៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ដោយកិច្ចប្រជុំលើកនេះជាមួយតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួងទេសចរណ៍។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការប្រចាំការ, លោក កែរ វិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), អគ្គនាយក, អគ្គនាយករង, ប្រធាននាយកដ្ឋាន និង លោក លោកស្រី មន្ត្រីជំនាញនៃក្រសួងទេសចរណ៍, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង អង្គភាពប្រតិបត្តិ CTB សរុបប្រមាណ ២០រូប។
សូមបញ្ជាក់ថា យោងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ២០៧០ សជណ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
ពាក់ព័ន្ធនឹងកិច្ចការខាងលើ, ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំចំនួន ៥លើករួចមកហើយ ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ១៖ កិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ២៖ កិច្ចប្រជុំជាមួយឯកឧត្តម វ៉ាន វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា, ៣៖ កិច្ចប្រជុំជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅចិន, ៤៖ កិច្ចប្រជុំជាមួយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ៥៖ កិច្ចប្រជុំជាមួយអង្គភាពប្រតិបត្តិ CTB។
ក្រសួងទេសចរណ៍រំពឹងថា គម្រោងសាកល្បងខាងលើ នឹងជំរុញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦) នាពេលខាងមុខ៕

















