អ្នកឧកញ៉ា លី ឃុនថៃ ដឹកនាំសមាជិក សមាជិកា CCIA បរិច្ចាគជំនួយមនុស្សធម៌ជូនដល់ជនភៀសសឹក នៅមូលដ្ឋានខេត្តសៀមរាប
25-12-2025 08:48
(សៀមរាប)៖ ក្នុងស្មារតីសប្បុរសធម៌ និងការទទួលខុសត្រូវសង្គម នៅថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លី ឃុនថៃ បានដឹកនាំសមាជិក សមាជិកា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA) នាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគ អង្ករ មី ទឹកត្រី ទឹកស៊ីអុីវ ត្រីខ សាច់ក្រក សម្ភារប្រើប្រាស់ រទេះរុញ និងថវិកា ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តសៀមរាប ជនភៀសសឹកនៅទីតាំងវត្ត អារញ្ញសាគរ និង ឧបត្តម្ភសាលារៀនចំនួន ២ កន្លែង គឺសាលាសាលាបឋមសិក្សាពោធិលង្កា និង វិទ្យាល័យអប់រំពិសេសសៀមរាប (មានបង្រៀនកុមារមានពិការភាពថ្លង់ កុមារមានពិការភាពភ្នែក និងកុមារអូទីសឹ្សមនិងខ្សោយសតិបញ្ញា) ដែលមានដូចជា សម្ភារសិក្សា និងសម្ភារបរិក្ខារចាំបាច់មួយចំនួន ដើម្បីគាំទ្រដល់ការរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស។
សម្ភារៈប្រើប្រាស់គរឿងឧបភោគបរិភោគ និងថវិកា គិតជាទឹកប្រាក់ សរុបរួមចំនួន ៧៤៧,៨២០,០០០រៀល។
សកម្មភាពមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងគាំទ្រដល់វិស័យអប់រំនៅតាមសហគមន៍។
ក្នុងឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ លើកឡើងថា ការចែករំលែកនេះគឺជាការស្តែងឱ្យឃើញពីសាមគ្គីភាពរបស់វិស័យឯកជន ក្នុងការជួយជ្រោមជ្រែងដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលកំពុងខ្វះខាត ជាពិសេសគឺការផ្តល់ឱកាសដល់កុមារនៅតាមសាលារៀនឱ្យទទួលបាននូវសម្ភារសិក្សាគ្រប់គ្រាន់។
អ្នកឧកញ៉ា បានបញ្ជាក់ថា «ទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ក្នុងនាមរូបខ្ញុំបាទ ភរិយា និងក្រុមគ្រួសារ ព្រមទាំងតំណាងសហព័ន្ធទាំងមូល សូមចូលរួមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក សូមតាំងស្មារតីឲ្យបានរឹងមាំ ថែទាំសុខភាព និងអត់ធ្មត់ជាមួយឆន្ទៈតែមួយ គាំទ្រ និងជឿជាក់លើ សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងខិតខំប្រឹងប្រែង ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជាពីការឈ្លានពានរបស់ចោរសៀម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ»។
តំណាងរដ្ឋបាលខេត្តសៀមរាប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ អ្នកឧកញ៉ា និងសមាគមទាំងមូល ដែលបាននាំយកអំណោយដ៏ថ្លៃថ្លានេះមកទាន់ពេលវេលា ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្ត៕










































