អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រកាសចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា
25-12-2025 12:01
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ។
យើងខ្ញុំ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពានដ៏សាហាវព្រៃផ្សៃ និងអមនុស្សធម៌ពីយោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលធ្វើការបាញ់ប្រហារយ៉ាងខ្លាំងខ្លាបំផុតដោយប្រើប្រាស់អាវុធធន់ធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH មកលើប្រជាជនស៊ីវិលកម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ របួស និងភៀសខ្លួនជាច្រើន ព្រមទាំងបានបំផ្លិចបំផ្លាញប្រាសាទបុរាណ ទ្រព្យសម្បត្តិរបស់ប្រជាជន និងរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការឈ្លានពានរបស់យោធាថៃនេះ បានបង្ហាញយ៉ាងច្បាស់ពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ប្រទេស ថៃមកលើដែនអធិបតេយ្យកម្ពុជា សេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក៏ដូចជាការបំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ទង្វើឈ្លានពានប្រដាប់អាវុធដែលគួរឱ្យស្អប់ខ្ពើមបំផុត របស់ប្រទេសថៃនេះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ គុណតម្លៃនៃស្មារតីមិត្តភាព និងសន្តិសហវិជ្ជមានរវាងកម្ពុជា-ថៃ ក្នុងនាមជាអ្នកជិតខាងសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយឱ្យប្រទេសថៃត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ និងបញ្ឈប់ជាបន្ទាន់រាល់អាកប្បកិរិយាឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរបស់កម្ពុជា និងនៅក្នុងតំបន់៕




